កំពង់ធំ កម្ពុជា ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ — អ្នកស្រាវជ្រាវមកពីវិទ្យាស្ថានធនធានហ្សែនដំណាំត្រូពិច នៃបណ្ឌិត្យសភាកសិកម្មត្រូពិចចិន កំពុងសហការជាមួយកសិករកម្ពុជាដើម្បីស្តារចម្ការស្វាយចន្ទីចាស់ៗឡើងវិញ ដែលលទ្ធផលដំបូងបានបង្ហាញពីភាពរឹងមាំប្រសើរជាងមុនរបស់ដើមចន្ទី និងការងើបឡើងវិញនៃទិន្នផល។
ក្រុមអ្នកស្រាវជ្រាវបានចុះធ្វើសកម្មភាពក្នុងខេត្តកំពង់ធំ ដោយណែនាំកសិករអំពីការអនុវត្តបច្ចេកទេសស្តារដើមស្វាយចន្ទីចាស់ៗឡើងវិញ។ លទ្ធផលនេះទទួលបានការកោតសរសើរពីសំណាក់ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា។
បច្ចេកវិទ្យានេះអាចផ្តល់នូវដំណោះស្រាយដ៏មានសក្តានុពលមួយសម្រាប់ស្តារចម្ការស្វាយចន្ទីចាស់ៗដែលមានទំហំប្រមាណ ៣០០ ០០០ ហិកតា នៅទូទាំងប្រទេសកម្ពុជា ដែលជួយស្តារឡើងវិញនូវផលិតភាព ព្រមទាំងការពារកុំឱ្យមានការកាប់ដើមចន្ទីចោល ឬបោះបង់ចម្ការចោល។
ទោះបីជាយ៉ាងណាក៏ដោយ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (សសក) បានមានប្រសាសន៍ថា ការស្រាវជ្រាវបន្ថែមទៀតគឺពិតជាមានភាពចាំបាច់ មុនពេលដែលបច្ចេកទេសនេះអាចត្រូវបានណែនាំជាទូទៅដល់កសិករ។
លោកបានថ្លែងថា៖ «ខ្ញុំនៅមិនទាន់ស្គាល់ច្បាស់អំពីការស្រាវជ្រាវថ្មីនេះនៅឡើយទេ ទោះបីជាខ្ញុំធ្លាប់បានធ្វើការពិសោធន៍ខ្លះៗលើដើមពុទ្រា ហើយទទួលបានលទ្ធផលគួរឱ្យលើកទឹកចិត្តក៏ដោយ»។
លោកបានកត់សម្គាល់ថា ដើមស្វាយចន្ទីដែលមានអាយុលើសពី ២០ ឆ្នាំ អាចមានប្រព័ន្ធឬសចាស់ និងមានមុខងារថយចុះ ដែលធ្វើឱ្យមានការចោទជាសំណួរថាតើបច្ចេកទេសស្តារឡើងវិញនេះពិតជាអាចជួយកែលម្អការស្រូបយករបស់ឬស និងការទទួលយកសារធាតុចិញ្ចឹមកម្រិតណា។
ទោះបីជាយ៉ាងណាក៏ដោយ លោក អួន ស៊ីឡុត បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកស្រាវជ្រាវ និងបានបញ្ជាក់ថាលោកនឹងរង់ចាំមើលលទ្ធផលពេញលេញ មុនពេលសម្រេចចិត្តណែនាំវិធីសាស្ត្រនេះដល់កសិករដាំស្វាយចន្ទីកម្ពុជា។
លោកបានបន្ថែមថា៖ «ប្រសិនបើលទ្ធផលបង្ហាញថាមានប្រសិទ្ធភាពពិតប្រាកដមែន ខ្ញុំនឹងមិនស្ទាក់ស្ទើរក្នុងការជូនដំណឹងដល់កសិកររបស់យើងឡើយ»។
ការស្រាវជ្រាវនេះអាចផ្តល់នូវជម្រើសដ៏មានសក្តានុពលមួយសម្រាប់ការការពង្រីកអាយុកាលផលិតភាពនៃចម្ការស្វាយចន្ទីចាស់ៗ និងការពង្រឹងចីរភាពរយៈពេលវែងនៃឧស្សាហកម្មស្វាយចន្ទីកម្ពុជា៕

ប្រភព៖ អ្នកស្រាវជ្រាវចិនធ្វើតេស្តលើការស្តារចម្ការស្វាយចន្ទីចាស់ៗឡើងវិញនៅកម្ពុជា | CAC

