សសក ពង្រឹងវត្តមានគ្រាប់ស្វាយចន្ទីកម្ពុជាលើទីផ្សារប្រទេសបារាំង តាមរយៈកិច្ចប្រជុំក្នុងពិព័រណ៍ SIAL Paris

ទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ — សមាគមស្វាយចន្ទីកម្ពុជា (សសក) កំពុងពង្រឹងកិច្ចតភ្ជាប់ទីផ្សារអន្តរជាតិរបស់ខ្លួន តាមរយៈកិច្ចប្រជុំធុរកិច្ចជាមួយក្រុមហ៊ុនបារាំង និងពាណិជ្ជករខ្មែរបារាំង ក្នុងអំឡុងពេលពិព័រណ៍ SIAL Paris ដោយបើកឱកាសថ្មីៗសម្រាប់ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា។

ទោះបីជា​ សសក មិនបានរៀបចំស្តង់តាំងបង្ហាញផលិតផលដោយផ្ទាល់នៅឯពិព័រណ៍ SIAL Paris ក៏ដោយ ប៉ុន្តែ សសក បានបើកកិច្ចប្រជុំធុរកិច្ច ចុះទស្សនកិច្ចហាងលក់រាយដែលបម្រើសេវាកម្មដល់សហគមន៍ខ្មែរនាជាយក្រុងប៉ារីស និងបានស្វែងរកភាពជាដៃគូសក្តានុពលជាមួយអ្នកទិញនៅអឺរ៉ុប។

ការវិវឌ្ឍដ៏សំខាន់មួយ គឺកិច្ចប្រជុំជាមួយក្រុមហ៊ុន Daco Bello ដែលជាក្រុមហ៊ុនផ្លែឈើក្រៀម និងគ្រាប់ធុញជាតិដ៏ធំមួយរបស់ប្រទេសបារាំង ដែលបានបង្ហាញចំណាប់អារម្មណ៍លើគ្រាប់ស្វាយចន្ទីកម្ពុជា និងមានផែនការមកទស្សនកិច្ចនៅកម្ពុជាក្នុងសប្តាហ៍ទីពីរនៃខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ ដំណើរទស្សនកិច្ចដែលបានគ្រោងទុកនេះ នឹងរួមបញ្ចូលទាំងការពិនិត្យមើលរោងចក្រ ការពិនិត្យឡើងវិញនូវតម្រូវការវិញ្ញាបនបត្រ និងការចរចាលើតម្លៃផងដែរ។

សសក ក៏បានសម្របសម្រួលក្នុងការណែនាំសំណាកផលិតផល និងខិត្តប័ណ្ណផ្សព្វផ្សាយពីសមាជិក សសក ចំនួនពីររូប ជូនដល់អ្នកទិញសក្តានុពលផងដែរ។ បន្ទាប់ពីការណែនាំទាំងនេះ ក្រុមហ៊ុនបារាំង និងក្រុមហ៊ុនបោះដុំមួយ បានចាប់ផ្តើមទាក់ទងមកកាន់ក្រុមហ៊ុននៅកម្ពុជាទាំងពីរនេះ ដែលបង្កើតបានជាឱកាសសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការណ៍ពាណិជ្ជកម្ម។

តំណាងឱ្យកសិករប្រមាណ ២០ ០០០ នាក់ សហគមន៍កសិកម្មចំនួន ៤៥ និងសហគ្រាសកែច្នៃក្នុងស្រុកចំនួន ២៥ សសក កំពុងខិតខំប្រឹងប្រែងពង្រឹងតួនាទីរបស់ខ្លួនជាសមាគមឧស្សាហកម្មដែលមានចីរភាព និងផ្តល់សេវាកម្មគាំទ្រដល់វិស័យស្វាយចន្ទីឱ្យកាន់តែមានភាពធន់ បរិយាប័ន្ន និងប្រកួតប្រជែង។

សសក មានគោលបំណងពង្រីកការតភ្ជាប់ធុរកិច្ចនិងធុរកិច្ច (B2B) លើកកម្ពស់ការចូល ទៅកាន់ទីផ្សារអន្តរជាតិរបស់សមាជិក និងផ្តល់ព័ត៌មានពីទីផ្សារ ដើម្បីជួយឱ្យក្រុមហ៊ុនជាសមាជិកអាចបំពេញតាមតម្រូវការរបស់អ្នកទិញ។

ពូជស្វាយចន្ទី M23 របស់កម្ពុជា ដែលល្បីល្បាញខាងរសជាតិប្លែក និងទំហំគ្រាប់ធំ គឺស្ថិតក្នុងចំណោមផលិតផលដែល សសក កំពុងស្វែងរកការផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ។

លោក អួន ស៊ីឡុត ប្រធាន ​សសក បានមានប្រសាសន៍ថា មេរៀន និងភាពជាដៃគូដែលទទួលបានតាមរយៈការចូលរួមពិព័ណ៍អន្តរជាតិ នឹងជួយកែលម្អគុណភាព ភាពអាចតាមដានប្រភពដើម វត្ថុសម្រេចក្នុងការសម្ងួត និងកន្លែងស្តុកទុក ព្រមទាំងសមត្ថភាពកែច្នៃក្នុងស្រុក ដែលអនុញ្ញាតឱ្យកម្ពុជារក្សាទុកតម្លៃបន្ថែមពីផលិតកម្មស្វាយចន្ទីរបស់ខ្លួនឱ្យបានកាន់តែច្រើន៕

ប្រភព៖ សសក ពង្រឹងវត្តមានគ្រាប់ស្វាយចន្ទីកម្ពុជាលើទីផ្សារប្រទេសបារាំង តាមរយៈកិច្ចប្រជុំក្នុងពិព័រណ៍ SIAL Paris | CAC