ភ្នំពេញ — គណៈប្រតិភូសង្គមស៊ីវិលកម្ពុជាចំនួន ២៥រូប បានបញ្ចប់ដំណើរទស្សនកិច្ចសិក្សារយៈពេល ២០ថ្ងៃ នៅប្រទេសចិនដោយជោគជ័យ ដោយទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗស្តីពីការអភិវឌ្ឍជនបទ ទំនើបកម្មកសិកម្ម បច្ចេកវិទ្យាឌីជីថល និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងបានបើកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យស្វាយចន្ទីផងដែរ។
ដឹកនាំដោយ ឯកឧត្តម ដួង វីរ័ត្ន អនុប្រធានប្រចាំការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) គណៈប្រតិភូបានអញ្ជើញទស្សនកិច្ចនៅតំបន់ស្វយ័តក្វាងស៊ី និងខេត្តស៊ីឈួន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្រោមប្រធានបទ «ការឈ្វេងយល់ពីប្រទេសចិន៖ ការរួមចំណែកកម្លាំងយុវជន ដើម្បីកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី» ដែលសហការរៀបចំដោយសមាគមចិនសម្រាប់ការលើកកម្ពស់ការផ្លាស់ប្តូរអន្តរជាតិនៃអង្គការសង្គមស៊ីវិល (CNIE) មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ (CFPD) និង វ.ស.ស.។
សមាគមស្វាយចន្ទីកម្ពុជា (សសក) មានកិត្តិយសបានចូលរួមក្នុងបេសកកម្មនេះ ដោយមានលោក ស៊ាប ម៉ាញ តំណាងឱ្យ សសក ចូលរួមជាសមាជិកគណៈប្រតិភូតបតាមការអញ្ជើញពី វ.ស.ស។
ក្នុងអំឡុងពេលកម្មវិធី ២០ថ្ងៃនេះ គណៈប្រតិភូកម្ពុជាបានចុះសិក្សាស្រាវជ្រាវនៅទីតាំងសំខាន់ៗជាង ៣០កន្លែង និងបានចូលរួមក្នុងសិក្ខាសាលា បាឋកថា និងវេទិកាផ្លាស់ប្តូរបទពិសោធជាមួយស្ថាប័នរដ្ឋ ស្ថាប័នស្រាវជ្រាវ និងអង្គការផ្សេងៗរបស់ចិន។
កម្មវិធីនេះបានផ្តល់ឱ្យអ្នកចូលរួមកម្ពុជានូវការយល់ដឹងផ្ទាល់អំពីវិធីសាស្ត្ររបស់ប្រទេសចិនលើការអភិវឌ្ឍសហគមន៍ ការលុបបំបាត់ភាពក្រីក្រតាមគោលដៅ ការស្តារជនបទឡើងវិញ ទំនើបកម្មកសិកម្ម និងការអភិវឌ្ឍជនបទប្រកបដោយចីរភាព។
គណៈប្រតិភូក៏បានស្វែងយល់ផងដែរអំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យា 5G និងបញ្ញាសិប្បនិម្មិត (AI) របស់ប្រទេសចិន ព្រមទាំងវិធីសាស្ត្រក្នុងការអភិរក្សវប្បធម៌ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។
សសក ស្វែងរកកិច្ចសហប្រតិបត្តិការធុរកិច្ចស្វាយចន្ទីថ្មី
ក្រៅពីកម្មវិធីសិក្សាផ្លូវការ សសក បានរៀបចំកិច្ចប្រជុំក្រៅផ្លូវការជាច្រើនជាមួយក្រុមហ៊ុនចិន ដើម្បីស្វែងរកឱកាសកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មស្វាយចន្ទីកម្ពុជា។
សសក បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនចិនចំនួនបី ដើម្បីពិភាក្សាអំពីវិស័យស្វាយចន្ទីកម្ពុជា ជាពិសេសឱកាសទាក់ទងនឹងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅ និងសក្តានុពលនៃកិច្ចសហប្រតិបត្តិការធុរកិច្ច។
ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងនោះបានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងយល់បន្ថែមអំពីឧស្សាហកម្មស្វាយចន្ទីកម្ពុជា និងបានប្តេជ្ញាចិត្តថានឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងខែកញ្ញា ដើម្បីស្វែងយល់ពីលទ្ធភាពនៃការទិញគ្រាប់ស្វាយចន្ទីឆៅ និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការណ៍សក្តានុពលជាមួយ សសក។
ការរីកចម្រើននេះកើតឡើងចំពេលដែលកម្ពុជាកំពុងស្វែងរកការពង្រីកការកែច្នៃស្វាយចន្ទីក្នុងស្រុក និងពង្រឹងទំនាក់ទំនងរវាងអ្នកផលិតក្នុងស្រុក និងអ្នកទិញ ឬវិនិយោគិនអន្តរជាតិ។
មេរៀនសម្រាប់កម្ពុជា
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ឯកឧត្តម ដួង វីរ័ត្ន បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចសិក្សានេះបានផ្តល់ជូនសមាជិកគណៈប្រតិភូនូវចំណេះដឹងថ្មីៗ បទពិសោធន៍ជាក់ស្តែង និងទស្សនវិស័យលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសចិន។
លោកបានគូសបញ្ជាក់ថា បទពិសោធន៍របស់ប្រទេសចិនក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសហគមន៍ គឺជាតម្លៃដ៏មានសារៈសំខាន់ជាពិសេសសម្រាប់កម្ពុជា ដោយសង្កត់ធ្ងន់ថា មេរៀនដែលបានរៀនសូត្រក្នុងអំឡុងពេលទស្សនកិច្ចនេះ អាចត្រូវបានចែករំលែក និងសម្របខ្លួនឱ្យស្របទៅនឹងបរិបទផ្ទាល់របស់កម្ពុជា។
លោកក៏បានយល់ពីសារៈសំខាន់នៃការផ្តល់អំណាចដល់យុវជន និងការពង្រឹងតួនាទីរបស់ពួកគេក្នុងការរួមចំណែកដល់ការអភិវឌ្ឍជាតិរបស់កម្ពុជាផងដែរ។
សម្រាប់ សសក ការចូលរួមក្នុងបេសកកម្មនេះក៏បានផ្តល់ឱកាសមួយដើម្បីផ្សព្វផ្សាយវិស័យស្វាយចន្ទីកម្ពុជាដោយផ្ទាល់ដល់ដៃគូធុរកិច្ចចិនដែលមានសក្តានុពល និងស្វែងរកឱកាសដើម្បីតភ្ជាប់ផលិតកម្មគ្រាប់ស្វាយចន្ទីឆៅដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ទីផ្សារ និងការវិនិយោគអន្តរជាតិ។
ដំណើរទស្សនកិច្ចនេះបានបញ្ចប់ទៅដោយការប្តេជ្ញាចិត្តកាន់តែទូលំទូលាយក្នុងការការពង្រឹងការយល់ដឹង ការជឿទុកចិត្ត និងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន ហើយក៏បានរុញច្រានដល់កិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញចក្ខុវិស័យនៃការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ការអភិវឌ្ឍជនបទ ពាណិជ្ជកម្ម និងការវិនិយោគផងដែរ។
ប្រភព៖ Cambodian Civil Society Delegation Concludes 20-Day China Study Visit | CAC




