ជំនួបធុរកិច្ចរបស់ សសក ផ្សារភ្ជាប់អ្នកផលិតស្វាយចន្ទីកម្ពុជា ជាមួយតម្រូវការគ្រាប់ស្វាយចន្ទីឆៅ ចំនួន ១៤៤.០០០ តោន

កំពង់ធំ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ — សមាគមស្វាយចន្ទីកម្ពុជា (សសក) បានប្រមូលផ្តុំអ្នកផលិតស្វាយចន្ទី សហគមន៍កសិកម្ម សហគ្រាសកែច្នៃ ក្រុមហ៊ុនពាណិជ្ជកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុ នៅក្នុងកិច្ចសន្ទនាធុរកិច្ច និងធុរកិច្ច (B2B) ដែលមានគោលបំណងពង្រឹងការតភ្ជាប់ទីផ្សារ និងពង្រីកឱកាសសម្រាប់គ្រាប់ស្វាយចន្ទីឆៅ របស់កម្ពុជា។

ព្រឹត្តិការណ៍នេះមានអ្នកចូលរួមប្រមាណ ៤០ នាក់ រួមទាំងតំណាងមកពីក្រុមហ៊ុនប្រមូលទិញគ្រាប់ស្វាយចន្ទីឆៅ កសិករខ្នាតធំ សហគមន៍កសិកម្មចំនួនប្រាំ និងគ្រឹះស្ថានហិរញ្ញវត្ថុចំនួនបី។

ក្រុមហ៊ុនដែលបានចូលរួម រួមមាន សហគ្រាស Nut & Nest, ក្រុមហ៊ុន Mirarth Agri Tech, ក្រុមហ៊ុន Olam Outspan Cambodia, ក្រុមហ៊ុន Pinex Agro, ក្រុមហ៊ុន Special Trust Cambodia, ក្រុមហ៊ុន Mertol Sunflower Import & Export, ក្រុមហ៊ុន Royal Delight View មកពីប្រទេសឥណ្ឌា និងក្រុមហ៊ុនចិនមួយដែលកំពុងដំណើរការរោងចក្រកែច្នៃនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ក្រុមហ៊ុនចំនួនប្រាំមួយបានបង្ហាញពីតម្រូវការសរុបចំនួន ១៤៤ ០០០ តោន នៃគ្រាប់ស្វាយចន្ទីឆៅ។ ក្នុងនោះ ក្រុមហ៊ុន Royal Delight View បានបង្ហាញពីតម្រូវការរហូតដល់ ៥០ ០០០ តោន ខណៈដែលក្រុមហ៊ុន Olam Outspan និងរោងចក្រកែច្នៃរបស់ចិន បានបង្ហាញតម្រូវការចំនួន ៣០.០០០ តោនដូចគ្នា។ ចំណែកក្រុមហ៊ុន Pinex Agro, Nut & Nest និង Mirarth បានបង្ហាញពីតម្រូវការចំនួន ៨ ០០០ តោន, ៥ ០០០ តោន និង ៣.០០០ តោន រៀងៗខ្លួន ក្រុមហ៊ុន Khmer Agro Cashew ១៥ ០០០តោន ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Mertol Sunflower Import & Export និងក្រុមហ៊ុន Special Trust Cambodia បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញសាច់គ្រាប់ស្វាយចន្ទីកែច្នៃ។

កិច្ចសន្ទនានេះបានផ្តោតលើការតភ្ជាប់កសិករ និងសហគមន៍កសិកម្មដោយផ្ទាល់ជាមួយអ្នកទិញ ការជំរុញការអនុវត្តតាមស្តង់ដារតម្រូវការគុណភាពគ្រាប់ស្វាយចន្ទីឆៅ ការពិភាក្សាអំពីការទូទាត់ប្រាក់ និងការរៀបចំកសិកម្មតាមកិច្ចសន្យា ព្រមទាំងការវាយតម្លៃសមត្ថភាពរបស់សហគមន៍កសិកម្មក្នុងការផ្គត់ផ្គង់ការបញ្ជាទិញបរិមាណធំ។ កសិករ និងសហគមន៍កសិកម្មដែលអនុវត្តស្របតាមស្តង់ដារគុណភាពកម្រិតខ្ពស់ (premium) អាចទទួលបានការលើកទឹកចិត្តតម្លៃបន្ថែម ៣% លើសពីតម្លៃទីផ្សារធម្មតា។

ការត្រួតពិនិត្យគុណភាពនៅកម្រិតចម្ការបានក្លាយជាប្រធានបទដ៏សំខាន់មួយ។ ក្រុមអ្នកផលិតបានអំពាវនាវឱ្យអ្នកទិញចូលរួមទទួលខុសត្រូវកាន់តែច្រើនក្នុងការគ្រប់គ្រងគុណភាព ខណៈដែលកសិករក៏ស្វែងរកនូវស្ថិរភាពតម្លៃ និងការរៀបចំការទូទាត់ប្រាក់ឱ្យកាន់តែច្បាស់លាស់ រួមមានលក្ខខណ្ឌ Ex Works (EXW) និង Free on Board (FOB) ផងដែរ។

គ្រឹះស្ថានហិរញ្ញវត្ថុ រួមមាន ធនាគារ កាណាឌីយ៉ា, ធនាគារចិន (Bank of China) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) ក៏បានពិភាក្សាអំពីកម្ចីឥណទាន និងសេវាផ្ទេរប្រាក់ ដើម្បីជួយសម្រួលដល់ការទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរសម្រាប់អ្នកផលិត និងធុរកិច្ចនានា។

លោក ស៊ីឡុត បានឱ្យដឹងថា ជំនួបធុរកិច្ច ជុំបន្ទាប់ គ្រោងនឹងរៀបចំឡើងនៅខែវិច្ឆិកា ដោយការពិភាក្សាត្រូវបានរំពឹងថានឹងផ្តោតលើគុណភាពគ្រាប់ស្វាយចន្ទីពូជ M23 និងការកំណត់ចំណាត់ថ្នាក់គ្រាប់តូចសម្រាប់ផលិតកម្មសាច់គ្រាប់ប្រភេទ W320។

សសក ក៏បានបញ្ជាក់ផងដែរថា ខ្លួនកំពុងស្វែងរកការរក្សាចរន្តផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅ ឱ្យនៅនឹងនរយ៉ាងតិច ៣០% ដើម្បីជួយរក្សាស្ថិរភាពតម្លៃជូនកសិករ និងលើកកម្ពស់ទំនាក់ទំនងប្រកបដោយតុល្យភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងអ្នកផលិត និងអ្នកកែច្នៃ៕

ប្រភព៖ ជំនួបធុរកិច្ចរបស់ សសក ផ្សារភ្ជាប់អ្នកផលិតស្វាយចន្ទីកម្ពុជា ជាមួយតម្រូវការគ្រាប់ស្វាយចន្ទីឆៅ ចំនួន ១៤៤.០០០ តោន | CAC