ភ្នំពេញ ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ — សមាគមស្វាយចន្ទីកម្ពុជា (សសក) បានទទួលសំណើកិច្ចសហប្រតិបត្តិការស្រាវជ្រាវចំនួន ៣ ពីអ្នកជំនាញនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដែលជាស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រឈានមុខគេមួយរបស់កម្ពុជាក្នុងគោលបំណងលើកកម្ពស់នវានុវត្តន៍ និងនិរន្តរភាពក្នុងវិស័យស្វាយចន្ទី។
១. ការផលិតទឹកខ្មេះឈើពីមែកស្វាយចន្ទីដែលកាត់ចោលក្នុងរដូវតែងមែក
គម្រោងដំបូងដែលត្រូវបានស្នើឡើង ផ្តោតលើការសិក្សាអំពី ទឹកខ្មេះឈើ (Wood vinegar) ដែលផលិតចេញពីមែកស្វាយចន្ទីដែលបានកាត់លះចោលក្នុងរដូវតែងមែក ក្នុងអំឡុងពេលថែទាំចំម្ការជាប្រចាំ។ ទឹកខ្មេះឈើគឺជាធាតុផ្សំដ៏សំខាន់ក្នុងការផលិតថ្នាំបណ្ដេញសត្វល្អិតសរីរាង្គ និងគាំទ្រដល់គំនិតផ្តួចផ្តើម «កាកសំណល់សូន្យ» របស់វិស័យស្វាយចន្ទី ដែលស្វែងរកការជួយកសិករឱ្យបង្កើនតម្លៃជាអតិបរមានូវរាល់ផលិតផលបន្ទាប់បន្សំពីស្វាយចន្ទី។ ក្នុងនាមជាធាតុចូលសរីរាង្គ ទឹកខ្មេះឈើមានសក្តានុពលក្នុងការកាត់បន្ថយថ្លៃដើមផលិតកម្មសរុបសម្រាប់កសិករយ៉ាងច្រើន។ គម្រោងនេះគ្រោងនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៦ ក្នុងខេត្ត ត្បូងឃ្មុំ ក្រចេះ និងកំពង់ធំ។
២. ការកែច្នៃផ្លែស្វាយចន្ទីទៅជាជីទឹក និងចំណីសត្វ
គម្រោងទីពីរ ដោះស្រាយបញ្ហាការប្រើប្រាស់ផ្លែស្វាយចន្ទីមិនទាន់អស់សក្តានុពល ដែលជាធម្មតាត្រូវបានបោះចោល ទោះបីជាមានបរិមាណច្រើនក៏ដោយ។ ចំពោះគ្រាប់ស្វាយចន្ទីឆៅ ១ តោនប្រមូលផលបានពីផ្លែស្វាយចន្ទីប្រហែល ៥ តោនត្រូវ។ ខណៈពេលដែលទឹកផ្លែស្វាយចន្ទីអាចកែច្នៃទៅជាស្ករ ទឹកខ្មេះ ឬស្រា ការស្រាវជ្រាវនេះនឹងស្វែងយល់ជាពិសេសអំពីការបំប្លែងវាទៅជា ជីទឹកសរីរាង្គសម្រាប់បាញ់តាមស្លឹក ដែលស័ក្តិសមសម្រាប់ដំណាំបន្លែគ្រប់ប្រភេទ។ លើសពីនេះ កាកសំណល់សាច់ផ្លែដែលនៅសល់អាចយកទៅធ្វើជាចំណីសត្វបានទៀតផង។ គម្រោងនេះគ្រោងនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៦ ក្នុងខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់ បណ្ឌិត អេឡែន ម៉ម (Dr. Elen Morm)។
៣. ការផលិតថាមពលអគ្គិសនីពីសំបកគ្រាប់ស្វាយចន្ទី
គំនិតផ្តួចផ្តើមទីបី ផ្តោតលើការផលិត ថាមពលអគ្គិសនីចេញពីសំបកគ្រាប់ស្វាយចន្ទី។ អ្នកស្រាវជ្រាវរបស់ ITC កំពុងវាយតម្លៃ និងប្រៀបធៀបអត្ថប្រយោជន៍រវាងការចម្រាញ់យកប្រេងចេញពីសំបកស្វាយចន្ទី និងការប្រើប្រាស់សំបកទាំងនោះផ្ទាល់សម្រាប់ការផលិតថាមពល។ គម្រោងនេះមានគោលបំណងកំណត់ការប្រើប្រាស់កាកសំណល់សំបកស្វាយចន្ទីឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពបំផុត ហើយគ្រោងនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៦ ក្នុងខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់ បណ្ឌិត អោ ច័ន្ទម៉ូលី (Dr. Or Chanmoly)។
សរុបរួមមក គម្រោងទាំងបីដែលបានស្នើឡើងនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងរបស់ សសក និង ITC ក្នុងការលើកកម្ពស់នវានុវត្តន៍ និរន្តរភាព និងការបន្ថែមតម្លៃនៅក្នុងឧស្សាហកម្មស្វាយចន្ទីកម្ពុជា ព្រមទាំងកាត់បន្ថយការខ្ជះខ្ជាយ និងលើកកម្ពស់ជីវភាពរស់នៅរបស់កសិករ។

