កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ១ លានតោន ទោះបីជាមានបញ្ហាប្រឈមនៃអាកាសធាតុក៏ដោយ

ភ្នំពេញ ១ មករា ២០២៦— យោងតាមទិន្នន័យក្រៅផ្លូវការរបស់ សមាគមស្វាយចន្ទីកម្ពុជា (សសក) បានឱ្យដឹងថា កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីឆៅ ជាង ១ លានតោន ក្នុងរយៈពេល ១២ ខែនៃឆ្នាំ ២០២៥ ដែលបង្ហាញពីភាពធន់នៃវិស័យនេះ ចំពេលមានបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុដែលកំពុងបន្តកើតមាន។

ទិន្នន័យផលិតកម្ម និងការនាំចេញ

តួលេខក្រៅផ្លូវការបានបង្ហាញថា ផលិតកម្មសរុបសម្រេចបានប្រមាណ ១ ០២០ ៧៥៧ តោន។ ក្នុងកំឡុងពេលដូចគ្នានេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១ ០០០ ៧៥៧ តោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយបង្កើតចំណូលបានប្រមាណ ,៥ ពាន់លានដុល្លារ ដែលជាការកើនឡើង ២៧ ភាគរយ បើធៀបនឹងឆ្នាំមុន។

លទ្ធផលដ៏រឹងមាំនេះកើតមានឡើង ទោះបីជាមានការរអាក់រអួលខ្លាំងទាក់ទងនឹងអាកាសធាតុកាលពីដើមឆ្នាំ ២០២៥ ក៏ដោយ។ កាលពីខែមីនា លក្ខខណ្ឌអាកាសធាតុអាក្រក់បានជះឥទ្ធិពលអវិជ្ជមានដល់ការប្រមូលផល ដែលជំរុញឱ្យអ្នកជំនាញ និងតំណាងឧស្សាហកម្មព្រមានពីការធ្លាក់ចុះនៃទិន្នផលស្វាយចន្ទី។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពបានចាប់ផ្តើមប្រសើរឡើងវិញនៅក្នុងខែមេសា បន្ទាប់ពីសមាគមស្វាយចន្ទីកម្ពុជា (សសកបានដាក់ចេញនូវវិធានការសម្របខ្លួននឹងអាកាសធាតុ។

លទ្ធផលវិជ្ជមានបានបន្តរហូតដល់ខែឧសភា និងមិថុនា នៅពេលដែលលក្ខខណ្ឌអាកាសធាតុមានស្ថិរភាព ដែលអនុញ្ញាតឱ្យផលិតកម្មស្វាយចន្ទីងើបឡើងវិញ និងលើសពីការរំពឹងទុកកាលពីដំបូង។

ការបណ្តុះបណ្តាលកសិករ និងបច្ចេកទេសសម្របខ្លួន

ទិន្នផលចុងក្រោយនេះ ហាក់ដូចជាផ្ទុយពីការព្រួយបារម្ភដំបូងដែលលើកឡើងដោយ សសក បើទោះបីជា សសក បានប្រឹងប្រែងក្នុងរយៈពេល ៣ ឆ្នាំកន្លងមក ដើម្បីជំរុញវិធីសាស្ត្រកសិកម្មសរីរាង្គ និងភាពធន់នឹងអាកាសធាតុ ដើម្បីជួយកសិករសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុក៏ដោយ។

ចាប់តាំងពីខែឧសភា ឆ្នាំ ២០២៥ មក សសក បានរៀបចំ វគ្គបណ្តុះបណ្តាលចំនួន ៤០ វគ្គ ដោយមានកសិករចូលរួមជាង ៨ ៤០០ នាក់ មកពី ១០ ខេត្ត។ លោក អួន ស៊ីឡុត ប្រធាន សសក បានមានប្រសាសន៍ថា៖ «គោលបំណងរបស់យើងគឺផ្តល់អំណាចដល់កសិករនូវបច្ចេកទេសពិតប្រាកដ ដែលអាចជួយឱ្យពួកគេរកចំណូលបានកាន់តែច្រើនពីដីចំម្ការរបស់ពួកគាត់»

សិក្ខាសាលារួមមានការបង្ហាញការអនុវត្តផ្ទាល់លើការផលិតជីក្នុងតម្លៃទាបដោយខ្លួនឯងនិងសារធាតុបង្កើនគុណភាពដី ដូចជា៖

  • ជីកំប៉ុសគោកនិងទឹក
  • មីក្រូសរីរាង្គដែលមានប្រសិទ្ធភាពខ្ពស់ (HEM)
  • មីក្រូសរីរាង្គក្នុងតំបន់ Bacillus subtilis (IMOBs)
  • ថ្នាំបាញ់ប័រដូ (Bordeaux mixture)

អ្នកសង្កេតការណ៍ក្នុងឧស្សាហកម្មបានលើកឡើងថា ការរួមបញ្ចូលគ្នានៃលក្ខខណ្ឌអាកាសធាតុដែលបានប្រសើរឡើង និងការបណ្តុះបណ្តាលកសិករ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សានិរន្តរភាពនៃវិស័យស្វាយចន្ទីកម្ពុជា ដែលជួយឱ្យវិស័យនេះបន្តរីកចម្រើន ទោះបីជាមានភាពមិនច្បាស់លាស់នៃអាកាសធាតុកើនឡើងក៏ដោយ។

ប្រភព កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ១ លានតោន ទោះបីជាមានបញ្ហាប្រឈមនៃអាកាសធាតុក៏ដោយ | CAC