ស្វាយចន្ទីស្ថិតក្នុងចំណោមគ្រាប់ធញ្ញជាតិដែលពេញនិយមបំផុតនៅទូទាំងពិភពលោកដោយសារវាមានសាច់ទន់រលោងដូចប៊ឺ និងមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ពីធម្មជាតិ។ តម្រូវការសកលសម្រាប់គ្រាប់ធញ្ញជាតិនេះនៅតែបន្តកើនឡើងដោយការស្រាវជ្រាវទីផ្សារបានប៉ាន់ប្រមាណថា ឧស្សាហកម្មស្វាយចន្ទីមានតម្លៃជាង៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ អ្នកវិភាគរំពឹងថាតួលេខនេះនឹងកើនឡើងដល់ជាង ១១ពាន់លានដុល្លារនៅត្រឹមដំណាច់ទសវត្សរ៍នេះ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់លើអាហារសម្រន់សុខភាពនិងគ្រឿងផ្សំដែលធ្វើពីកសិផល។
ក្រៅពីការទទួលទានជាអាហារសម្រន់ ស្វាយចន្ទីត្រូវបានគេយកទៅប្រើប្រាស់ក្នុងមុខម្ហូបយ៉ាងសម្បូរបែប។ ជាទូទៅ វាត្រូវបានគេប្រើជាគ្រឿងរោយពីលើញាំឬសាឡាត់ និងជាគ្រឿងផ្សំសំខាន់ក្នុងរូបមន្តម្ហូបអាហារដូចជាមាន់ឆាគ្រាប់ស្វាយចន្ទី ការីស្វាយចន្ទីម្ហូបឆា ម្ហូបប៉ាស្តានិងស៊ុបផ្សេងៗ។ គ្រាប់ធញ្ញជាតិដ៏មានប្រយោជន៍នេះក៏ត្រូវបានគេយកទៅធ្វើជាបង្អែម និងនំចំណីផងដែររួមមាន នំឃុកឃី ការ៉េមនំខេក ឈីសការ៉ាមែលស្វាយចន្ទី សូកូឡានិងនំស្រួយស្វាយចន្ទី។ បន្ថែមពីនេះស្វាយចន្ទីត្រូវបានគេកិនធ្វើជាភេសជ្ជៈជំនួសទឹកដោះគោដូចជាទឹកដោះគោស្វាយចន្ទី និងទឹកជ្រលក់បែបបួស (Vegan) ជាដើម។
ដើមស្វាយចន្ទីដុះនៅតំបន់ដែលមានអាកាសធាតុត្រូពិកដែលមានប្រភពដើមពីប្រទេសប្រេស៊ីល។ ដើមឈើទាំងនេះអាចមានកម្ពស់រហូតដល់ប្រហែល៥០ ហ្វីត (ប្រហែល ១៥ ម៉ែត្រ) ប៉ុន្តែវាទាមទារការអត់ធ្មត់ពីកសិករ៖ វាអាចប្រើពេល៣ ឆ្នាំដើម្បីផ្តល់ផលនិងរហូតដល់ ៨ឆ្នាំ ទើបអាចប្រមូលផលសម្រាប់ធ្វើពាណិជ្ជកម្មបាន។ ទោះបីជាប្រេស៊ីលធ្លាប់ជាអ្នកផលិតដ៏ធំកាលពីមុនក៏ដោយប៉ុន្តែបច្ចុប្បន្ន ប្រទេសដូចជាកម្ពុជា ឥណ្ឌា វៀតណាម នីហ្សេរីយ៉ា និងកូតឌីវ័របានផលិតក្នុងបរិមាណកាន់តែច្រើនក្នុងមួយឆ្នាំៗ។
អ្នកជំនាញផ្នែកអាហារូបត្ថម្ភលើកឡើងថាស្វាយចន្ទីផ្តល់អត្ថប្រយោជន៍សុខភាពជាច្រើន។ យោងតាមអ្នកជំនាញផ្នែករបបអាហារ Kristen Smith ស្វាយចន្ទីមួយពែងមានផ្ទុកជាតិប្រូតេអ៊ីនជាង២០ ក្រាម និងជាតិសរសៃ (Fiber) ជាង ៤ ក្រាមដែលជាសារធាតុចិញ្ចឹមអាចជួយឱ្យមនុស្សមានអារម្មណ៍ឆ្អែតបានយូរនិងជួយរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានស្ថិរភាព។ ស្វាយចន្ទីក៏ផ្តល់នូវវីតាមីន និងសារធាតុរ៉ែសំខាន់ៗរួមមាន កាល់ស្យូម ដែកម៉ាញ៉េស្យូម ប៉ូតាស្យូមស័ង្កសី ស្ពាន់ ព្រមទាំងវីតាមីន C និង K ផងដែរ។
អ្នកជំនាញអាហារូបត្ថម្ភ Amy Goodson កត់សម្គាល់ថា ស្វាយចន្ទីមានផ្ទុកជាតិខ្លាញ់មិនទាន់ឆ្អែត (Monounsaturated fats) ដែលល្អសម្រាប់សុខភាពបេះដូង និងអាចជួយកាត់បន្ថយខ្លាញ់អាក្រក់ (LDL)។ ទន្ទឹមនឹងនេះសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុរ៉ែនៅក្នុងគ្រាប់ធញ្ញជាតិនេះជួយដល់សុខភាពឆ្អឹង និងជួយការពារកោសិកាពីការបំផ្លាញ។ វាក៏មានផ្ទុកសារធាតុលូទីន (Lutein) ដែលរួមចំណែកដល់សុខភាពភ្នែក និងស្បែកផងដែរ។
ទោះជាយ៉ាងណាក៏ដោយអ្នកជំនាញបានសង្កត់ធ្ងន់ថា ការគ្រប់គ្រងបរិមាណទទួលទានគឺជាចំណុចចាំបាច់។ គ្រាប់ស្វាយចន្ទីទម្ងន់ ១អោន (ប្រហែល ១៦ទៅ ១៨ គ្រាប់) មានផ្ទុកថាមពលប្រហែល ១៥៧កាឡូរី ខណៈដែលមួយពែងពេញអាចមានរហូតដល់ជិត៨០០ កាឡូរី។ គ្រាប់ស្វាយចន្ទីក៏អាចបង្កឱ្យមានប្រតិកម្មអាឡែស៊ីចំពោះមនុស្សមួយចំនួននិងមានផ្ទុកសារធាតុអុកសាឡាត (Oxalates) ដែលអាចបង្កឱ្យមានគ្រួសក្នុងតម្រងនោម ចំពោះបុគ្គលដែលងាយរងគ្រោះ។
សម្រាប់មនុស្សទូទៅអ្នកជំនាញផ្នែករបបអាហារនិយាយថា ការទទួលទានស្វាយចន្ទីឆៅឬស្វាយចន្ទីដែលមិនដាក់អំបិលក្នុងកម្រិតសមល្មម គឺជាការបន្ថែមដ៏ល្អសម្រាប់សុខភាពក្នុងរបបអាហារដែលមានតុល្យភាព។


