កំពង់ធំ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ — សមាគមស្វាយចន្ទីកម្ពុជា (សសក) បានរៀបចំកិច្ចប្រជុំជាមួយតំណាងមកពីអង្គការ iDE Canada កាលពីថ្ងៃទី១៦ ខែមីនា នៅទីស្នាក់ការកណ្តាលរបស់ សសក ក្នុងខេត្តកំពង់ធំ ដើម្បីស្វែងរកឱកាសវិនិយោគ និងអភិវឌ្ឍន៍សក្តានុពលក្នុងវិស័យស្វាយចន្ទីកម្ពុជា ដោយផ្តោតលើការគាំទ្រដល់សហគ្រាសដែលដឹកនាំដោយស្ត្រី។
ទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃការសិក្សាលទ្ធភាពរបស់អង្គការ iDE Canada លើការវិនិយោគ ការពង្រឹងអំណាចសេដ្ឋកិច្ចស្ត្រី ដែលមានគោលបំណងស្វែងរកវិធីសាស្រ្តពង្រឹងអាជីវកម្មដែលមានម្ចាស់ជាស្ត្រី នៅក្នុងខ្សែច្រវ៉ាក់តម្លៃកសិកម្ម។ ដំណើរទស្សនកិច្ចសិក្សានេះ រួមមានការចុះទៅកាន់ទីស្នាក់ការកណ្តាលរបស់ សសក សហគមន៍កសិកម្ម, សហគ្រាស 3CORsECO និងក្រុមហ៊ុន Pinex Agro Co., Ltd.។
អង្គការ iDE បានដំណើរការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩៤ ដោយផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅ តាមរយៈការកសាងគំរូអាជីវកម្មប្រកបដោយនិរន្តរភាពក្នុងវិស័យកសិកម្ម ទឹកស្អាត និងអនាម័យ ដែលផ្តល់នូវផលិតផល និងសេវាកម្មដែលមានតម្លៃសមរម្យ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជន។
ក្នុងអំឡុងពេលកិច្ចប្រជុំ ការពិភាក្សាបានផ្ដោតលើកិច្ចការយុទ្ធសាស្ត្រ ដើម្បីពង្រឹងឧស្សាហកម្មស្វាយចន្ទីកម្ពុជា ព្រមទាំងពង្រឹងអំណាចដល់សហគ្រិនស្ត្រី។ ស្វាយចន្ទីត្រូវបានកំណត់ថាជាដំណាំអាទិភាពដែលមានតម្លៃខ្ពស់ និងមានសក្តានុពលខ្លាំងសម្រាប់ការវិនិយោគ និងការបង្កើតតម្លៃបន្ថែម។
សំណើគន្លឹះមួយដែលត្រូវបានពិភាក្សា គឺការរក្សាទុកគ្រាប់ស្វាយចន្ទីឆៅ នៅក្នុងប្រទេសកម្ពុជាសម្រាប់ការកែច្នៃក្នុងស្រុក ជាជាងការនាំចេញជាលក្ខណៈវត្ថុធាតុដើម។ ការកែច្នៃស្វាយចន្ទីក្នុងស្រុក និងការទាញយកប្រយោជន៍ពីអនុផលផ្សេងៗ អាចជួយកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងនៃផលិតផលស្វាយចន្ទីកម្ពុជានៅលើទីផ្សារអន្តរជាតិ។
គំនិតផ្តួចផ្តើមនេះ ក៏មានគោលបំណងគាំទ្រដល់រោងចក្រកែច្នៃដែលដឹកនាំដោយស្ត្រីដែលមានស្រាប់ ដោយជួយឱ្យពួកគេអាចរក្សាស្តុកគ្រាប់ស្វាយចន្ទីឆៅបានគ្រប់គ្រាន់សម្រាប់ការដំណើរការពេញមួយឆ្នាំ។
ជាផ្នែកមួយនៃគម្រោងដែលបានស្នើឡើង អង្គការ iDE កំពុងពិចារណាករណីផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ប្រហែល ៥ ភាគរយ និងមិនតម្រូវឱ្យមានទ្រព្យបញ្ចាំ ចំពោះសហគ្រាសដែលត្រូវបានជ្រើសរើស។ គំរូហិរញ្ញប្បទាននេះ នឹងជួយដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងការពង្រីកសមត្ថភាពកែច្នៃ និងបង្កើនស្ថិរភាពប្រតិបត្តិការរបស់ពួកគេ។
នៅដំណាក់កាលដំបូងនៃកម្មវិធី សហគ្រាសធុនតូច និងមធ្យមចំនួន ៥ នឹងត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងគម្រោងនេះ។ GC ក៏ស្ថិតនៅក្នុងចំណោមសហគ្រាសដែលបានស្នើឡើងដោយ សសក ផងដែរ។
បន្ថែមលើហិរញ្ញប្បទាន អង្គការ iDE គ្រោងនឹងផ្តល់ការបណ្តុះបណ្តាលលើការគ្រប់គ្រងហិរញ្ញវត្ថុ ការកាន់បញ្ជីគណនេយ្យ និងជំនាញអាជីវកម្មពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាថា សហគ្រាសដែលចូលរួមអាចគ្រប់គ្រងប្រាក់កម្ចីរបស់ពួកគេប្រកបដោយប្រសិទ្ធភាព និងពង្រឹងប្រតិបត្តិការកែច្នៃរបស់ខ្លួន។
លោក អួន ស៊ីឡុត បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាង សសក និងអង្គការ iDE Canada ឆ្លុះបញ្ចាំងពីការកើនឡើងនៃចំណាប់អារម្មណ៍ក្នុងការគាំទ្រកសិធុរកិច្ចដឹកនាំដោយស្ត្រី និងការពង្រីកសមត្ថភាពកែច្នៃស្វាយចន្ទីកម្ពុជា ដែលជាវិស័យមួយត្រូវបានទទួលស្គាល់កាន់តែខ្លាំងឡើងថាជាឧស្សាហកម្មកសិកម្មយុទ្ធសាស្ត្រសម្រាប់ប្រទេសជាតិ៕

