កំពង់ធំ ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៦ — សមាគមស្វាយចន្ទីកម្ពុជា (សសក) បានរៀបចំកិច្ចប្រជុំលើកទី ៣ ជាមួយអង្គការ iDE Canada ដើម្បីសម្រេចលើផែនការសហប្រតិបត្តិការសម្រាប់គំនិតផ្តួចផ្តើមសាកល្បងថ្មីមួយ ក្នុងគោលបំណងពង្រឹងឧស្សាហកម្មកែច្នៃស្វាយចន្ទីក្នុងស្រុក និងគាំទ្រដល់សហគ្រាសដែលដឹកនាំដោយស្ត្រី។
បន្ទាប់ពីការពិភាក្សា អង្គការ iDE Canada បានយល់ព្រមចូលរួមក្នុងភាពជាដៃគូជាមួយ សសក ដើម្បីចាប់ផ្តើមគម្រោងសាកល្បង «មូលនិធិវិនិយោគ ផ្នែកស្វាយចន្ទី (SHEIF-CNF)»នៅក្នុងខេត្តកំពង់ធំ។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រខ្សែច្រវាក់តម្លៃកសិកម្ម និងយុទ្ធសាស្ត្រហិរញ្ញវត្ថុចម្រុះរបស់ iDE ដែលរៀបចំឡើងដើម្បីជួយកសិករខ្នាតតូច និងអាជីវកម្មកសិកម្មឱ្យប្តូរពីការធ្វើកសិកម្មដើម្បីចិញ្ចឹមក្រពះ មកជាប្រតិបត្តិការអាជីវកម្មប្រកបដោយនិរន្តរភាព។
ការដោះស្រាយបញ្ហាខ្វះខាតហិរញ្ញវត្ថុ
យោងតាមអង្គការ iDE គម្រោងនេះផ្តោតលើការដោះស្រាយបញ្ហាប្រឈមនៃ «ការខ្វះខាតហិរញ្ញវត្ថុសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម» ដែលអ្នកកែច្នៃស្វាយចន្ទីកម្ពុជាបានជួបប្រទះជាយូរមកហើយ ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលមានស្ត្រីជាម្ចាស់ និងអាជីវកម្មលក្ខណៈគ្រួសារ។
ទោះបីជាកម្ពុជាជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅឈានមុខគេមួយក្នុងពិភពលោកក៏ដោយ ប៉ុន្តែប្រហែល ៩៥% នៃទិន្នផលត្រូវបាននាំចេញទៅកែច្នៃនៅបរទេស ដែលភាគច្រើនទៅប្រទេសវៀតណាម។ លោក ស៊ីឡុត ប្រធាន សសក បានលើកឡើងថា ចំណុចនេះបានកម្រិតសមត្ថភាពរបស់កម្ពុជាក្នុងការទាញយកចំណូលដែលមានតម្លៃខ្ពស់ពីផលិតផលសម្រេច។
ឧបសគ្គដ៏ធំបំផុតមួយសម្រាប់អ្នកកែច្នៃក្នុងស្រុកគឺលទ្ធភាពទទួលបានទុនបង្វិល។ ដោយសារការប្រមូលផលស្វាយចន្ទីមានរយៈពេលត្រឹមតែប្រហែល ៣ ខែ អ្នកកែច្នៃត្រូវមានទុនដើម្បីទិញវត្ថុធាតុដើមទុកសម្រាប់ដំណើរការពេញមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ កម្ចីធនាគារទូទៅច្រើនតែតម្រូវឱ្យមានប្លង់ដីជាទ្រព្យបញ្ចាំ ដែលធ្វើឱ្យ សហគ្រាសកែច្នៃ ជាច្រើនមិនអាចពង្រីកប្រតិបត្តិការបាន។ ជាលទ្ធផល រោងចក្រក្នុងស្រុកជាច្រើនដំណើរការបានត្រឹមតែពី ៣ ទៅ ៦ ខែប៉ុណ្ណោះក្នុងមួយឆ្នាំ ដោយសារតែកង្វះការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅ។
គំរូហិរញ្ញវត្ថុប្រកបដោយច្នៃប្រឌិត
ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ គម្រោង SHEIF-CNF បានណែនាំនូវរចនាសម្ព័ន្ធហិរញ្ញវត្ថុពីរ រួមបញ្ចូលគ្នារវាងការគាំទ្រស្តុកទំនិញ និងហិរញ្ញប្បទានផ្អែកលើចំណូល៖
- ប្រព័ន្ធបង្កាន់ដៃឃ្លាំង (WRS)៖ មូលនិធិនឹងទិញគ្រាប់ស្វាយចន្ទីឆៅដោយផ្ទាល់ពីសហគមន៍កសិករ និងរក្សាទុកក្នុងឃ្លាំងដែលមានការគ្រប់គ្រងត្រឹមត្រូវ។
- ការទទួលបានវត្ថុធាតុដើម៖ សហគ្រាសកែច្នៃដែលដឹកនាំដោយស្ត្រី នឹងអាចទទួលបានវត្ថុធាតុដើមជាបណ្តើរៗពេញមួយឆ្នាំ។ សម្រាប់អាជីវកម្មដែលខ្វះទុនបង់ប្រាក់មុន មូលនិធិនឹងផ្តល់គ្រាប់ស្វាយចន្ទីឆៅជាមុន រួចដោះដូរយកភាគរយនៃចំណូលពីការលក់នៅពេលក្រោយ បន្ទាប់ពីសាច់គ្រាប់ដែលកែច្នៃរួចត្រូវបានលក់ចេញ។
ការលើកកម្ពស់សេដ្ឋកិច្ចវិលជុំ
គំនិតផ្តួចផ្តើមនេះក៏ជំរុញនូវគំរូអាជីវកម្មបែបវិលជុំ និងបង្កើតឡើងវិញ ដែលមានគោលបំណងបង្កើនប្រាក់ចំណេញ និងនិរន្តរភាពក្នុងវិស័យស្វាយចន្ទី។ ការគាំទ្រផ្នែកបច្ចេកទេសនឹងជួយអ្នកកែច្នៃក្នុងការប្រើប្រាស់អនុផលពីស្វាយចន្ទី រួមមាន៖
- ការចម្រាញ់ប្រេងសំបកស្វាយចន្ទី (CNSL)
- ការប្រើប្រាស់សំបកជាឥន្ធនៈជីវម៉ាស់សម្រាប់ឡចំហាយ
- ការផលិតធ្យូងជីវ (Biochar) សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម
តាមការប៉ាន់ប្រមាណរបស់គម្រោង ការច្នៃប្រឌិតទាំងនេះអាចបន្ថែមតម្លៃសុទ្ធចន្លោះពី ៧០ ដុល្លារ ទៅ ៩០០ ដុល្លារ ក្នុងមួយតោនដល់ប្រតិបត្តិការកែច្នៃ។
ការពង្រឹងភាពជាដឹកនាំសេដ្ឋកិច្ចរបស់ស្ត្រី
អង្គការ iDE បានពណ៌នា SHEIF-CNF ថាជាគម្រោងសាកល្បងដ៏សំខាន់របស់ខ្លួននៅកម្ពុជា ដែលត្រូវបានរៀបចំឡើងដើម្បីបង្កើតគំរូវិនិយោគដែលមានលក្ខណៈពាណិជ្ជកម្ម និងផ្តល់ផលប៉ះពាល់ដល់សង្គម ដោយផ្តោតលើភាពជាដឹកនាំសេដ្ឋកិច្ចរបស់ស្ត្រី និងវិបុលភាពនៃគ្រួសារនៅជនបទ។
ភាពជាដៃគូនេះត្រូវបានរំពឹងថានឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយរបស់កម្ពុជា ក្នុងការពង្រីកសមត្ថភាពកែច្នៃក្នុងស្រុក ពង្រឹងខ្សែច្រវាក់តម្លៃក្នុងតំបន់ និងដាក់ទិសដៅឱ្យប្រទេសកម្ពុជាក្លាយជាតួអង្គដែលមានតម្លៃខ្ពស់នៅក្នុងឧស្សាហកម្មស្វាយចន្ទីសកល។
ប្រភពៈ សសក និងអង្គការ iDE Canada ភាពជាដៃគូសាកល្បង ដើម្បីពង្រឹងវិស័យកែច្នៃស្វាយចន្ទីនៅកម្ពុជា | CAC

