សសក ជួបប្រជុំជាមួយអង្គការ NTFP ដើម្បីពង្រឹងគំនិតផ្តួចផ្តើមកែច្នៃគ្រាប់ស្វាយចន្ទីរបស់ជនជាតិដើម

សមាគមស្វាយចន្ទីកម្ពុជា (សសក) កាលពីពេលថ្មីៗនេះ បានរៀបចំកិច្ចប្រជុំសហការជាមួយអង្គការអនុផលព្រៃឈើ ហៅកាត់ថា (NTFP) ដែលជាអង្គការអភិវឌ្ឍន៍មូលដ្ឋាន បង្កើតឡើងក្នុងឆ្នាំ១៩៩៦ នៅខេត្តរតនគិរី។ កិច្ចប្រជុំបានផ្តោតលើការកសាងសមត្ថភាពរបស់សហគមន៍ជនជាតិដើមភាគតិច ក្នុងការកែច្នៃគ្រាប់ស្វាយចន្ទី។

បច្ចុប្បន្ន NTFP កំពុងអនុវត្តគម្រោងអភិវឌ្ឍន៍មួយចំនួននៅខេត្តរតនគិរី ស្ទឹងត្រែង និងព្រះវិហារ។ គម្រោងដ៏គួរឱ្យកត់សម្គាល់មួយគឺ “ឆ្ពោះទៅរកការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី (PRLIP) “ត្រូវបានផ្តល់មូលនិធិដោយក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច ( BMZ) តាមរយៈអង្គការអន្តរជាតិ Welungerhilfe ( WHH )។

ក្នុងចំណោមសកម្មភាពស្នូលទាំង២០របស់គម្រោងនេះ គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ដើម្បីគាំទ្រសហគមន៍ជនជាតិដើមភាគតិច ក្នុងការបង្កើតក្រុមកែច្នៃគ្រាប់ស្វាយចន្ទី។ ទោះជាយ៉ាងណាក៏ដោយ ចំណេះដឹងបច្ចេកទេស និងបទពិសោធន៍ក្នុងការកែច្នៃនៅមានកម្រិតក្នុងចំណោមសហគមន៍មូលដ្ឋាន។ ដើម្បីដោះស្រាយគម្លាតនេះ NTFP បានស្វែងរកការចូលរួមជាមួយ សសក ដើម្បីផ្លាស់ប្តូរចំណេះដឹង និងរៀនពីជំនាញពីសមាគម។

ដោយទទួលស្គាល់ពីភាពជោគជ័យរបស់ សសក ក្នុងការជំរុញឧស្សាហកម្មគ្រាប់ស្វាយចន្ទីរបស់កម្ពុជា តំណាងអង្គការ NTFP បានបង្ហាញចំណាប់អារម្មណ៍ចង់ឈ្វេងយល់ពីខ្សែរច្រវាក់ផលិតកម្មពេញលេញពីបច្ចេកទេសកែច្នៃ និងការស្តុកទុក រហូតដល់វិធីសាស្ត្រសម្ងួត និងការគ្រប់គ្រងកម្លាំងពលកម្មនិងធនធានមនុស្ស។ ដំណើរទស្សនកិច្ចនេះមានគោលបំណងជូនដំណឹងអំពីផែនការរបស់អង្គការ NTPF ក្នុងការបង្កើតសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីដែលមានមូលដ្ឋាននៅសហគមន៍ជនជាតិភាគតិច។

ជាការឆ្លើយតប សសក បានផ្តល់ការណែនាំបច្ចេកទេសលើគ្រឿងម៉ាស៊ីនកែច្នៃ និងការអភិវឌ្ឍន៍ផលិតផលពាក់កណ្តាលសម្រេច។ ដើម្បីផ្តល់នូវការយល់ដឹងជាក់ស្តែង សសក ក៏បានសម្របសម្រួលដំណើរទស្សនកិច្ចសិក្សាដល់សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីចំនួនពីរ គឺ 3COREsECO និង ជ័យសំបូរ ដែលក្រុមការងារ NTFP បានសង្កេតមើលប្រតិបត្តិការ និងលំហូរការងារផលិតកម្ម។

កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការផ្តល់អំណាចដល់សហគមន៍ជនជាតិដើមភាគតិច តាមរយៈការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាព និងការកែច្នៃ ដើម្បីផ្តល់តម្លៃបន្ថែមក្នុងវិស័យស្វាយចន្ទីដែលកំពុងកើនឡើងរបស់កម្ពុជា។

ប្រភព ៖ សសក ជួបប្រជុំជាមួយអង្គការ NTFP ដើម្បីពង្រឹងគំនិតផ្តួចផ្តើមកែច្នៃគ្រាប់ស្វាយចន្ទីរបស់ជនជាតិដើម – Cashew nut Association of Cambodia