គម្រោង PIN ដោះស្រាយបញ្ហាខាតបង់ចំណីអាហារ និងជំរុញបច្ចេកវិទ្យាបៃតងក្នុងប្រព័ន្ធកសិ-ចំណីអាហាររបស់កម្ពុជា
ព័ត៌មាន សសក
ភ្នំពេញ កម្ពុជា ៣ តុលា – គំនិតផ្តួចផ្តើមថ្មីមួយកំពុងដំណើរការដើម្បីផ្លាស់ប្តូរប្រព័ន្ធកសិ-ចំណីអាហាររបស់កម្ពុជាឱ្យក្លាយជាវិស័យមួយដែលមាននិរន្តរភាព ប្រសិទ្ធភាព និងធន់នឹងអាកាសធាតុជាងមុន។ គម្រោងជំរុញល្បឿននៃនិរន្តរភាពក្នុងប្រព័ន្ធកសិ-ចំណីអាហាររបស់កម្ពុជា (ASCA) ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុបតាមរយៈកម្មវិធី SWITCH-Asia និងគាំទ្រដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) កំពុងដឹកនាំការងារនេះ។
គម្រោង ASCA មានគោលបំណងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) និងលើកកម្ពស់ជីវភាពរស់នៅជនបទតាមរយៈការជំរុញការទទួលយក ជីផ្អែកលើកាបូន និង បច្ចេកវិទ្យាកសិកម្មបៃតង (GAT) ក្នុងចំណោមសហគ្រាសធុនតូចបំផុត តូច និងមធ្យម (MSMEs) នៅតំបន់ជនបទ។ ក្នុងនោះ គម្រោងនេះក៏ស្វែងរកការលុបបំបាត់កាបូនពីខ្សែសង្វាក់តម្លៃកសិកម្ម និងជំរុញ ការប្រើប្រាស់កាកសំណល់ចំណីអាហារឱ្យមានតម្លៃ (food loss valorisation)—ដែលប្រែក្លាយកាកសំណល់ទៅជាផលិតផលមានតម្លៃ។
គម្រោងដែលដឹកនាំដោយអង្គការ People in Need (PIN) សហការជាមួយក្រុមហ៊ុន Husk Ventures (Cambodia) Co., Ltd. និង បណ្តាញកសិករ និងធម្មជាតិ (FNN) ក៏ស្វែងរកការលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តប្រកបដោយនិរន្តរភាព ជំរុញកិច្ចសន្ទនាគោលនយោបាយប្រកបដោយបរិយាប័ន្ន និងពង្រឹងកិច្ចសហប្រតិបត្តិការភាគីពាក់ព័ន្ធដើម្បីពង្រីកការប្រើប្រាស់ដំណោះស្រាយ GAT ទូទាំងប្រទេស។
ការដោះស្រាយថ្លៃដើមលាក់កំបាំង៖ ការខាតបង់ចំណីអាហារក្រោយពេលប្រមូលផល
ការផ្តោតស្នូលមួយរបស់គម្រោងគឺការដោះស្រាយបញ្ហាទូលំទូលាយនៃ ការខាតបង់ចំណីអាហារក្រោយពេលប្រមូលផល ដែលជាបញ្ហាប្រឈមដ៏រ៉ាំរ៉ៃដែលធ្វើឲ្យប៉ះពាល់ដល់ចំណូលកសិករ កំណត់ការទទួលបានចំណីអាហារដែលមានតម្លៃសមរម្យរបស់អ្នកប្រើប្រាស់ និងបង្កើនការរិចរិលបរិស្ថាន។
ដើម្បីស្វែងយល់អំពីបញ្ហានេះឲ្យកាន់តែច្បាស់ គម្រោង ASCA បានដាក់ឱ្យដំណើរការការសិក្សាប្រឹក្សាមួយដើម្បីធ្វើផែនទី និងកំណត់បរិមាណនៃការខាតបង់ចំណីអាហារនៅក្នុងដំណាក់កាលសំខាន់ពីរនៃខ្សែសង្វាក់តម្លៃកសិ-ចំណីអាហារ៖
- ការខាតបង់ក្រោយពេលប្រមូលផលនៅទីផ្សារសើម និងមជ្ឈមណ្ឌលចែកចាយ៖ ការសិក្សានេះពិនិត្យមើលការខាតបង់ដែលកើតឡើងក្នុងអំឡុងពេលដឹកជញ្ជូន ការកាន់កាប់ ការស្តុកទុក និងការលក់រាយ—ជាពិសេសនៅទីផ្សារសើមក្នុងទីក្រុង និងជាយក្រុង។
- កាកសំណល់អនុផល និងសំណល់ពីការកែច្នៃកសិកម្ម៖ ដោយផ្តោតលើខ្សែសង្វាក់តម្លៃដែលមានសក្តានុពលខ្ពស់ចំនួន ៥—ស្វាយចន្ទី ដំឡូងមី ពោត ដូង និងអំពៅ—ការសិក្សានេះកំណត់ឱកាសសម្រាប់កាត់បន្ថយ និងប្រើប្រាស់កាកសំណល់ឡើងវិញតាមរយៈយុទ្ធសាស្ត្រប្រើប្រាស់ឱ្យមានតម្លៃ។
លទ្ធផលពីការសិក្សានឹងផ្តល់ព័ត៌មានសម្រាប់អនុសាសន៍គោលនយោបាយ ណែនាំផែនការវិនិយោគ និងគាំទ្រគំនិតផ្តួចផ្តើមសាកល្បងដែលមានគោលបំណងកាត់បន្ថយការខាតបង់ចំណីអាហារ និងបង្កើនប្រសិទ្ធភាពខ្សែសង្វាក់តម្លៃ។
វិស័យស្វាយចន្ទី សក្តានុពលនៃការទាញយកតម្លៃ
សមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីគូសបញ្ជាក់អំពីឱកាសនានានៅក្នុងវិស័យស្វាយចន្ទី។ កង្វល់ដ៏ធំមួយដែលត្រូវបានលើកឡើងគឺការបោះបង់ចោលផ្លែស្វាយចន្ទីយ៉ាងទូលំទូលាយ ដែលជាអនុផលសម្បូរទៅដោយសារធាតុចិញ្ចឹម ប៉ុន្តែបច្ចុប្បន្នមិនត្រូវបានប្រើប្រាស់នៅលើកសិដ្ឋានកម្ពុជាភាគច្រើនទេ។
លោក អួន ស៊ីឡុត បានកត់សម្គាល់ថា៖ «ជាមួយនឹងការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ យើងអាចបង្វែរសំណល់ទៅជាទ្រព្យសម្បត្តិបាន។ ផ្លែស្វាយចន្ទីអាចត្រូវបានបំលែងទៅជាចំណីសត្វ ឬកែច្នៃទៅជាទឹកខ្មេះ និងភេសជ្ជៈមានជាតិអាល់កុល (ស្រា)។ ទាំងនេះគឺជាឱកាសដែលយើងបានបាត់បង់ ហើយយើងចាំបាច់ត្រូវចាប់យក»។
លោក ស៊ីឡុត ក៏បានអំពាវនាវឱ្យមានការវិនិយោគកាន់តែច្រើនលើអនុផលស្វាយចន្ទី ដូចជា ប្រេងសំបកគ្រាប់ស្វាយចន្ទី (CNSL) និង សារធាតុចម្រាញ់ពីសំបកគ្រាប់ស្វាយចន្ទី (CNSE)។ អនុផលទាំងនេះអាចត្រូវបានបំលែងទៅជាប្រេងឥន្ធនៈជីវៈ (biofuels), ធ្យូងឧស្សហកម្ម (biochar), ជីសរីរាង្គ, និងផលិតផលបៃតងផ្សេងទៀត ដែលកាត់បន្ថយថ្លៃដើមផលិតកម្ម ព្រមទាំងកាត់បន្ថយផលប៉ះពាល់បរិស្ថានផងដែរ។
ស.ស.ក ជឿជាក់ថា តាមរយៈការជំរុញនវានុវត្តន៍ទាំងនេះ ផលិតផលស្វាយចន្ទីរបស់កម្ពុជានឹងអាចមានភាពប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សារអន្តរជាតិ ព្រមទាំងចូលរួមចំណែកដល់អនាគតកសិកម្មដែលកាន់តែបៃតង និងមានចីរភាព៕

