ទីក្រុង Shenyang ប្រទេសចិន – គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (Misti) បានចូលរួមសន្និសីទឧស្សាហកម្មសកល នៅទីក្រុង Shen Yang ខេត្ត Liaoning ភាគឦសានប្រទេសចិន ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យបច្ចេកវិទ្យា ការអប់រំ និងកសិកម្ម ដោយផ្តោតលើឧស្សាហកម្មស្វាយចន្ទីផងដែរ។
អមដំណើរគណៈប្រតិភូ ក្រសួងឧស្សហកម្ម មានតំណាងមកពីសមាគមស្វាយចន្ទីកម្ពុជា (សសក) វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប សាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា(CamTech) ក្រុមហ៊ុន សុវណ្ណខាបពីធល ខូអិលធីឌី និងសមាគមផលិតចំណីអាហារកម្ពុជា (CFMA)។ ដំណើរទស្សនកិច្ចនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ជាពិសេសក្នុងការអភិវឌ្ឍន៍ឧស្សាហកម្ម និងភាពជាដៃគូកសិ-ពាណិជ្ជកម្ម។
ចំណុចសំខាន់ៗចំនួនបី
គណៈប្រតិភូកម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗចំនួនបី ក្នុងអំឡុងពេលទស្សនកិច្ចនេះ។ :
១. ពិធីចុះហត្ថលេខាជាអន្តរជាតិ
អ្នកតំណាងមកពីប្រទេសចំនួន២៦បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសមភាគីចិន។ គួរកត់សម្គាល់ថា Misti បានចុះហត្ថលេខាដ៏សំខាន់មួយជាមួយក្រុមហ៊ុន TELECOM ឈានមុខគេរបស់ចិន ក្នុងគោលបំណងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និងការគាំទ្រផ្នែកសិក្សានៅកម្ពុជា។
២. ការចូលរួមក្នុងការសិក្សាអប់រំ
គណៈប្រតិភូមកពីស្ថាប័នសិក្សានៅកម្ពុជា បានធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ Northeastern ក្នុងទីក្រុង Shenyang ដើម្បីស្វែងយល់ពីភាពជាដៃគូដែលផ្តោតលើកិច្ចសហការស្រាវជ្រាវ កម្មវិធីផ្លាស់ប្តូរនិស្សិត និងការផ្ទេរចំណេះដឹងរវាងស្ថាប័ននានា។
៣. កិច្ចពិភាក្សាអំពីការពង្រីកទីផ្សារគ្រាប់ស្វាយចន្ទី:
គណៈប្រតិភូវិស័យឯកជន រួមទាំង សសក CMFA និង Sovann capital បានជួបជាមួយលោកស្រី Wang Li អ្នកគ្រប់គ្រងទូទៅនៃតំបន់ពាណិជ្ជកម្មសេរី Yingkou (FTZ) ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយដែលមានទីតាំងនៅចម្ងាយ២០០គីឡូម៉ែត្រពីទីក្រុង Shenyang និងត្រឹមតែ១២០គីឡូម៉ែត្រពីកំពង់ផែ Taolin ដែលជាកំពង់ផែសមុទ្រដ៏ធំបំផុតនៅភាគឦសាននៃប្រទេសចិន។
តំបន់សេដ្ឋកិច្ចពិសេស Yingkou ដែលត្រូវបានគេស្គាល់ថាទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីរដ្ឋាភិបាល បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការទិញបរិមាណដ៏ច្រើននៃគ្រាប់ស្វាយចន្ទីឆៅបរិមាណដ៏ច្រើននៃ ដោយផ្ទាល់ពីប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងនៅក្នុងតំបន់។ គ្រាប់ស្វាយចន្ទីកំពុងក្លាយជាគ្រឿងផ្សំដ៏ពេញនិយមនៅក្នុងម្ហូបចិនភាគឦសាន ហើយការផ្គត់ផ្គង់នាពេលបច្ចុប្បន្នពីទីក្រុងណាននីង ក្វាងស៊ី គឺមិនគ្រប់គ្រាន់ដែរ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបាននិយាយថា “នេះគឺជាឱកាសដ៏ល្អមួយដើម្បីធ្វើពិពិធកម្មទីផ្សាររបស់យើងនិងកាត់បន្ថយការពឹងផ្អែកលើអ្នកទិញតែមួយ យើងប្តេជ្ញាជួយសម្រួលដល់ភាពជាដៃគូនេះ និងគាំទ្រពាណិជ្ជករក្នុងស្រុករបស់យើងដើម្បីទទួលបានអត្ថប្រយោជន៍ពីតម្រូវការរបស់ប្រទេសចិនដែលកំពុងកើនឡើង”។”
លោកបានបន្ថែមថា ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ ២០២៥ បើតាមព័ត៌មានក្រៅផ្លូវការ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ៩៤១ ០០០តោន ដែលបង្កើតប្រាក់ចំណូលបាន១,៤ពាន់លានដុល្លារចាក់ចូលក្នុងចរន្តសេដ្ឋកិច្ច។ ទោះជាយ៉ាងណាក៏ដោយ ភាគច្រើននៃបរិមាណនេះ នាំចូលទៅចិនតាមរយៈប្រទេសទីបី ។ សសក មានគោលបំណងផ្លាស់ប្តូរដោយលើកទឹកចិត្តឱ្យមានការនាំចេញដោយផ្ទាល់ទៅកាន់តំបន់សេដ្ឋកិច្ចដូចជា Yingkou និង Nanning ជាដើម។
ស៊ីឡុត បានសង្កត់ធ្ងន់ថា “ប្រសិនបើយើងអាចដឹកជញ្ជូន វត្ថុធាតុដើម (គ្រាប់ចន្ទីឆៅ) ដោយផ្ទាល់ទៅកាន់ប្រទេសចិន យើងអាចបង្កើនតម្លៃ រក្សាស្ថិរភាពតម្លៃជូនកសិករ និងពង្រឹងទីតាំងរបស់កម្ពុជាជាអ្នកផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីដ៏ល្អ” ។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ ដោយលើកទឹកចិត្តដល់អ្នកទិញ និងអ្នកកែច្នៃចិនឱ្យចូលរួមដោយផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់កម្ពុជា។
បេសកកម្មចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចឆ្នាំ២០២៤របស់ សសក ទៅកាន់តំបន់សេដ្ឋកិច្ចពិសេសណាននីង។ ជាកន្លែងដែលសមាគមបានកំណត់ឱកាសសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវផ្លូវពាណិជ្ជកម្មផ្ទាល់ និងការវិនិយោគកែច្នៃនៅកម្ពុជា។

