សសក SDF, និង PIKT ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីកសាងកម្លាំងពលកម្មជំនាញសម្រាប់ឧស្សាហកម្មស្វាយចន្ទីកម្ពុជា

កំពង់ធំ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ — មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងឧស្សាហកម្មកែច្នៃស្វាយចន្ទីនៅកម្ពុជា តាមរយៈការវាយតម្លៃតម្រូវការកម្លាំងពលកម្ម និងការរៀបចំកម្មវិធីបណ្តុះបណ្តាលដែលដឹកនាំដោយវិស័យឯកជន ស្របតាមតម្រូវការទីផ្សារជាក់ស្តែង។

ប្រតិភូនាំមុខដោយ ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញ រួមជាមួយ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (សសក) បានចុះទស្សនកិច្ចនៅទីតាំងផលិតកម្មនៃក្រុមហ៊ុន Pinex Agro និងក្រុមហ៊ុន MIRARTH Agri Tech នៅក្នុងខេត្តកំពង់ធំ ដើម្បីពិនិត្យមើលប្រតិបត្តិការរោងចក្រ និងពិភាក្សាអំពីតម្រូវការកម្លាំងពលកម្មនាពេលអនាគត។

បេសកកម្មនេះ មានគោលបំណងស្វែងយល់ឱ្យកាន់តែច្បាស់អំពីបញ្ហាប្រឈមក្នុងប្រតិបត្តិការ ផែនការវិនិយោគ និងគម្លាតជំនាញបច្ចេកទេសដែលអ្នកកែច្នៃក្នុងស្រុកកំពុងប្រឈមមុខ។ លទ្ធផលទទួលបានពីការចុះពិនិត្យនេះ នឹងត្រូវយកទៅប្រើប្រាស់ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាលចំគោលដៅ សំដៅបំពាក់បំប៉នកម្មករនិយោជិកនូវសមត្ថភាពចាំបាច់ដែលឆ្លើយតបទៅនឹងវិស័យកែច្នៃស្វាយចន្ទីរបស់កម្ពុជា ដែលកំពុងរីកចម្រើនយ៉ាងរហ័ស។

គំនិតផ្តួចផ្តើមនេះ ធ្វើឡើងបន្ទាប់ពីមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូនាពេលថ្មីៗនេះ រវាងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និង សមាគមស្វាយចន្ទីកម្ពុជា (សសក) កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងពង្រឹងការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងរៀបចំកម្លាំងពលកម្មជំនាញដែលអាចជួយគាំទ្រដល់ឧស្សាហកម្មកសិ-កែច្នៃ ដែលកំពុងលូតលាស់របស់ប្រទេស។

គំនិតផ្តួចផ្តើមនេះ ក៏ចូលរួមគាំទ្រដល់ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី» របស់រាជរដ្ឋាភិបាល ដែលមានគោលដៅប្រែក្លាយខេត្តកំពង់ធំឱ្យទៅជា «មជ្ឈមណ្ឌលកែច្នៃ និងនាំចេញស្វាយចន្ទី» ឈានមុខគេរបស់កម្ពុជា តាមរយៈការបង្កើនការកែច្នៃក្នុងស្រុក ការផលិតដែលមានតម្លៃបន្ថែមខ្ពស់ និងការបង្កើនភាពប្រកួតប្រជែងក្នុងការនាំចេញ។

ក្នុងអំឡុងពេលចុះបេសកកម្មផ្ទាល់ ប្រតិភូបានសង្កេតមើលខ្សែច្រវាក់ផលិតកម្ម វាយតម្លៃបច្ចេកវិទ្យាកែច្នៃ និងបានពិភាក្សាអំពីអាទិភាពនៃការអភិវឌ្ឍកម្លាំងពលកម្មជាមួយថ្នាក់ដឹកនាំរោងចក្រ។ ការយកចិត្តទុកដាក់ជាពិសេស ត្រូវបានផ្តោតលើការស្វែងរកចំណុចខ្វះខាតលើផ្នែកបច្ចេកទេសកែច្នៃ ប្រតិបត្តិការ និងការថែទាំគ្រឿងចក្រ ការគ្រប់គ្រងគុណភាព សុវត្ថិភាពចំណីអាហារ និងសង្វាក់ផលិតកម្មដែលប្រកបដោយប្រសិទ្ធភាពធនធាន។

លោក ស៊ីឡុត បានកត់សម្គាល់ថា ឧស្សាហកម្មស្វាយចន្ទីកម្ពុជាកំពុងឈានចូលដល់ដំណាក់កាលដ៏សំខាន់នៃការអភិវឌ្ឍឧស្សាហកម្ម ដែលទាមទារឱ្យមានកម្លាំងពលកម្មបំពាក់ដោយជំនាញបច្ចេកទេសទំនើប ដើម្បីឆ្លើយតបតាមស្តង់ដារអន្តរជាតិ និងគាំទ្រដល់កំណើនរយៈពេលវែងនៃវិស័យនេះ។

ក្នុងនាមជាយន្តការហិរញ្ញវត្ថុដែលផ្អែកលើតម្រូវការទីផ្សារ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ត្រូវបានរំពឹងថានឹងវិនិយោគរួមគ្នាជាមួយដៃគូឧស្សាហកម្ម ក្នុងការលុបបំបាត់គម្លាតសមត្ថភាពទាំងនេះ តាមរយៈការគាំទ្រដល់គំនិតផ្តួចផ្តើមបណ្តុះបណ្តាលអនុវត្តជាក់ស្តែង និងឆ្លើយតបតម្រូវការទីផ្សារសម្រាប់អ្នកកែច្នៃ និងសហគ្រាសធុនតូច និងមធ្យម (SMEs)។

បេសកកម្មការងារនេះ ក៏រួមបញ្ចូលទាំងការពិភាក្សាយុទ្ធសាស្ត្ររវាង SDF, សសក, វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំសហគ្រាស ដើម្បីតម្រឹមអាទិភាពនៃការបណ្តុះបណ្តាលឱ្យស្របតាមតម្រូវការឧស្សាហកម្ម។ ដៃគូទាំងអស់បានពិនិត្យមើលផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល (ToT) និងការពង្រីកគម្រោងកសាងសមត្ថភាពអ្នកកែច្នៃ ដែលនឹងផ្គត់ផ្គង់អ្នកបច្ចេកទេសជំនាញ អ្នកបញ្ជាគ្រឿងចក្រ ជាងមេកានិច និងបុគ្គលិកត្រួតពិនិត្យគុណភាព ដល់ឧស្សាហកម្មកែច្នៃស្វាយចន្ទី។

ឯកឧត្តម គី សុខគីម បានមានប្រសាសន៍ថា ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល វិទ្យាស្ថានវិជ្ជាជីវៈ និងវិស័យឯកជន នឹងក្លាយជាកត្តាចាំបាច់បំផុតក្នុងការធានាថាកម្ពុជាមានកម្លាំងពលកម្មដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ អាចគាំទ្រដល់ការវិនិយោគកែច្នៃថ្មីៗ និងបង្កើនភាពប្រកួតប្រជែងរបស់ប្រទេសនៅលើទីផ្សារស្វាយចន្ទីសកល។

គំនិតផ្តួចផ្តើមនេះ បង្ហាញពីជំហានមួយទៀតឆ្ពោះទៅរកការកសាងវិស័យកសិ-កែច្នៃទំនើប ដែលដឹកនាំដោយជំនាញ បង្កើតការងារដែលមានតម្លៃបន្ថែមខ្ពស់ ពង្រឹងសេដ្ឋកិច្ចជនបទ និងជួយឱ្យកម្ពុជាចាប់យកតម្លៃបន្ថែមបានកាន់តែច្រើនពីកសិផលដ៏សំខាន់បំផុតមួយរបស់ខ្លួន។

ប្រភព ៖ សសក SDF, និងPIKT ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីកសាងកម្លាំងពលកម្មជំនាញសម្រាប់ឧស្សាហកម្មស្វាយចន្ទីកម្ពុជា | CAC