ព័ត៌មាន សសក
កំពង់ធំ ថ្ងៃទី ១៥ ខែធ្នូ — អង្គការជំរុញពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) បានជួបពិភាក្សាជាមួយ សមាគមស្វាយចន្ទីកម្ពុជា (សសក) នៅថ្ងៃទី ១៥ ខែធ្នូ ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការក្នុងការរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់ចំការស្វាយចន្ទី និងទីតាំងពាក់ព័ន្ធនានា សម្រាប់គណៈប្រតិភូវិនិយោគជប៉ុន ក្នុងគោលបំណងលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជា និងទាក់ទាញការវិនិយោគបរទេសនៅខែមីនា ឆ្នាំ ២០២៦។
ក្នុងអំឡុងពេលកិច្ចប្រជុំ សសក បានណែនាំ សហគមន៍កសិកម្ម និងកសិករខ្នាតធំ ដែលមានសមត្ថភាពផលិតកម្មរឹងមាំ ជាដៃគូអាជីវកម្មសក្តានុពលសម្រាប់ក្រុមហ៊ុនជប៉ុន។ ការណែនាំទាំងនេះមានបំណងគាំទ្រដល់កិច្ចប្រជុំធុរកិច្ចនាពេលខាងមុខ រវាងភាគីពាក់ព័ន្ធកម្ពុជា និងក្រុមហ៊ុនជប៉ុនដែលចូលរួមក្នុងបេសកកម្មវិនិយោគ។
JETRO ដែលជាអង្គការរបស់រដ្ឋាភិបាលជប៉ុនបង្កើតឡើងក្នុងឆ្នាំ ១៩៥៨ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសជប៉ុន និងទីផ្សារសកល បានបើកការិយាល័យរបស់ខ្លួននៅភ្នំពេញក្នុងឆ្នាំ ២០១០។ អង្គការនេះធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នកម្ពុជា រួមទាំងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រសួងពាណិជ្ជកម្ម (MoC) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងដៃគូវិស័យឯកជន ដូចជា សភាពាណិជ្ជកម្មកម្ពុជា (CCC) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដើម្បីសម្របសម្រួលការផ្គូរផ្គងធុរកិច្ចរវាងក្រុមហ៊ុនកម្ពុជា និងជប៉ុនឱ្យមានភាពរលូន។
ផែនការទស្សនកិច្ច និងគោលដៅវិនិយោគ
កម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រទេសផលិតកសិកម្មដ៏សំខាន់ ជាពិសេសគ្រាប់ស្វាយចន្ទីដែលមានគុណភាពខ្ពស់។ JETRO មានគោលបំណងនាំយកក្រុមហ៊ុនជប៉ុនដែលមានបទពិសោធន៍ ឬចំណាប់អារម្មណ៍លើការកែច្នៃកសិផលនៅបរទេសមកកាន់កម្ពុជា។
ជាផ្នែកមួយនៃបេសកកម្មដែលបានគ្រោងទុក គណៈប្រតិភូជប៉ុនត្រូវបានរំពឹងថានឹងទៅទស្សនា ចំម្ការស្វាយចន្ទី រោងចក្រកែច្នៃ និងសួនឧស្សាហកម្មស្វាយចន្ទី (CIP) នៅក្នុងខេត្តកំពង់ធំ ដើម្បីវាយតម្លៃសមត្ថភាពផលិតកម្ម និងសក្តានុពលវិនិយោគរបស់កម្ពុជា។
បន្ថែមពីលើការទស្សនកិច្ចទីតាំង JETRO គ្រោងនឹងរៀបចំ វគ្គផ្គូរផ្គងធុរកិច្ច រវាងសហគ្រាសកសិកម្មកម្ពុជាដែលមានសមត្ថភាពសម្របសម្រួលកសិករ និងសកម្មភាពកសិកម្ម ជាមួយក្រុមហ៊ុនជប៉ុន ដោយមានគោលដៅបង្កើនឱកាសសម្រាប់ការវិនិយោគនាពេលអនាគត។
លោក Wakabayashi Kohei នាយកប្រចាំប្រទេសនៃ JETRO ប្រចាំកម្ពុជា បានថ្លែងថា៖ «គោលដៅរបស់យើងគឺទាក់ទាញរោងចក្រកែច្នៃចំណីអាហារជប៉ុនមកកាន់កម្ពុជា ចាប់ផ្តើមពីខេត្តកំពង់ធំ ដោយធានាការផ្គត់ផ្គង់ផ្លែឈើ និងបន្លែប្រកបដោយស្ថិរភាព និងធានានូវអត្ថប្រយោជន៍ថ្លៃដើមតាមរយៈការលើកទឹកចិត្តពន្ធដារដូចជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)»។ លោកបានបន្ថែមថា JETRO សង្ឃឹមថានឹងពង្រីកគំរូជោគជ័យ ដូចជារោងចក្រស្វាយចន្ទីរបស់ក្រុមហ៊ុន MIRARTH Agri Tech ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។
ការដោះស្រាយបញ្ហាផ្គត់ផ្គង់វត្ថុធាតុដើម
ក្នុងអំឡុងពេលពិភាក្សា អ្នកស្រី Kikuchi Fumiko អ្នកគ្រប់គ្រងផ្នែកស្រាវជ្រាវនៃផ្នែកស្រាវជ្រាវ និងវិភាគប្រចាំអាស៊ី និងអូសេអានីរបស់ JETRO បានលើកឡើងពីកង្វល់អំពីការផ្គត់ផ្គង់ គ្រាប់ស្វាយចន្ទីឆៅ ជាពិសេសនៅចំពេលមានការប្រកួតប្រជែងខ្លាំងពីឈ្មួញវៀតណាមក្នុងរដូវប្រមូលផល។
ឆ្លើយតបនឹងសំណួរនេះ លោក ស៊ុយ កុកធាន អនុប្រធាន សសក បានថ្លែងថា សសក បានរៀបចំ ព្រឹត្តិការណ៍ផ្គូរផ្គងធុរកិច្ច ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ដើម្បីភ្ជាប់អ្នកទិញដោយផ្ទាល់ជាមួយអ្នកផលិត កសិករខ្នាតធំ និងសហគមន៍កសិកម្ម។
លោកបានពន្យល់ថា កិច្ចការទាំងនេះជួយភាគីពាក់ព័ន្ធឱ្យយល់ដឹងគ្នាកាន់តែច្បាស់ និងសម្រួលកិច្ចព្រមព្រៀង កសិកម្មតាមកិច្ចសន្យា ក្រោមការត្រួតពិនិត្យរបស់នាយកដ្ឋានកសិ-ឧស្សាហកម្ម (DAI) នៃ ក្រសួងកសិកម្ម។ លោកបានកត់សម្គាល់ថា យន្តការបែបនេះគឺចាំបាច់សម្រាប់ការកសាងទំនុកចិត្ត និងធានាការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅប្រកបដោយស្ថិរភាពសម្រាប់រោងចក្រកែច្នៃ។
គំនិតផ្តួចផ្តើមនេះក៏ស្របតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ២០២២–២០២៧» របស់រដ្ឋាភិបាល ដែលមានគោលបំណងបង្កើនអត្រាកែច្នៃកសិផលរបស់កម្ពុជា និងបន្ថែមតម្លៃកាន់តែច្រើនដល់ឧស្សាហកម្មស្វាយចន្ទីរបស់ប្រទេស។
ប្រភព សសក ស្វែងរកកិច្ចសហប្រតិបត្តិការជាមួយ JETRO ដើម្បីជំរុញការវិនិយោគលើវិស័យស្វាយចន្ទីនៅកម្ពុជា | CAC

