(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២:០០នាទី នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ ភ្នំពេញ, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានដឹកនាំសមាជិកជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា និងសមាជិកនៃក្រុមការងារទាំង១៦ ផ្នែកឯកជន នៃយន្តការរវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន អញ្ជើញចូលរួមក្នុងសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងយន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ។
សិក្ខាសាលានេះក៏មានការចូលរួមផងដែរសំណាក់តំណាងក្រសួង ស្ថាប័នដែលជាដៃគូនិងផ្នែកឯកជន តំណាងអង្គទូតបរទេសប្រចាំនៅកម្ពុជា ដៃគូអភិវឌ្ឍន៍ តំណាងគ្រឹះស្ថានសមាគមធុរកិច្ចជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀត ផងដែរ។ សមាគមស្វាយចន្ទីកម្ពុជា មានកិត្តិយសបានបញ្ជូនតំណាងពីររូបចូលរួមតបតាមការអញ្ជើញផងដែរ។
សិក្ខាសាលាផ្សព្វផ្សាយដ៏មានសារៈសំខាន់នេះមានគោលបំណងគឺដើម្បីបង្ហាញពីលទ្ធផលជាក់ស្តែងជាបន្តបន្ទាប់ និងកិច្ចសហការស្ថាប័នរវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន ស្ថិតក្រោមយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលឆ្លុះបញ្ចាំងពីភាពជោគជ័យយ៉ាងត្រចះត្រចង់នៃភាពជាដៃគូរវាងរដ្ឋ និងឯកជន។ ព្រឹត្តិការណ៍នេះក៏បានសង្កត់ធ្ងន់ផងដែរអំពីតួនាទីដ៏សំខាន់របស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមជាអ្នកសម្របសម្រួលចម្បង ក្នុងការដឹកនាំជំរុញក្រុមការងារ ផ្នែកឯកជនទាំង ១៦ ដើម្បីសម្រេចបាននូវលទ្ធផលប្រកបដោយភាពស៊ីសង្វាក់គ្នានៃកិច្ចសន្ទនា និងតម្រង់ទិសទៅរកដំណោះស្រាយ។
តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ បានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ចម្បងៗចំនួន ១១ចំណុច ក្នុងន័យដើម្បីដោះស្រាយបញ្ហាប្រឈម សំណួមពរ និងក្តីកង្វល់របស់អ្នកធុរកិច្ច និងផ្នែកឯកជននៅកម្ពុជា រួមមាន៖ ១. ការកែសម្រួលបរិយាកាសធុរិកិច្ច និងការវិនិយោគ, ២. ការសម្រាលបន្ទុកលើអនុលោមភាព, ៣. ការសម្រួលដល់ធុរកិច្ចក្រោមដែនសមត្ថកិច្ចពន្ធដារ, ៤. ការសម្រួលដល់ធុរកិច្ចក្រោមដែនសមត្ថកិច្ចគយ, ៥. ការលើកកម្ពស់ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ, ៦. ការស្តារ និងការលើកស្ទួយការអភិវឌ្ឍនវិស័យទេសចរណ៍, ៧. ការអភិវឌ្ឍនវិស័យកសិកម្ម និងកសិឧស្សាហកម្ម, ៨. វិស័យធនាគារ និងហិរញ្ញវត្ថុ, ៩. វិស័យរ៉ែ និងថាមពល, ១០. វិស័យសំណង់ និងអចលនទ្រព្យ និង ១១.បញ្ហាផ្សេងៗ។
សូមជម្រាបជូនថា គិតត្រឹមឆមាសទី២ ឆ្នាំ២០២៥ ក្នុងចំណោមវិធានការសរុប១៧៩ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ មានវិធានការចំនួន១៦៩ ស្មើនឹង ៩៤,៤% ត្រូវបានដោះស្រាយសម្រេចជាស្ថាពរ និង១០វិធានការទៀត ស្មើនឹង៥,៦% កំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅក្នុងដំណាក់កាលគន្លឹះទី២ (Milestone 2) ដែលទាមទារឱ្យមានការសម្របសម្រួលកម្រិតខ្ពស់អន្តរក្រសួង និងការធ្វើវិសោធនកម្មច្បាប់។
តាមរយៈសិក្ខាសាលាផ្សព្វផ្សាយនេះក៏មានការធ្វើកិច្ចពិភាក្សា និងវេទិការសំណួរចម្លើយទាក់ទងនឹងរបាយការណ៍វឌ្ឍនភាពនេះផងដែរ។
សូមបញ្ជាក់ជូនថា សិក្ខាសាលាផ្សព្វផ្សាយនេះជាការសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមការគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។
បញ្ហាដាច់ដោយឡែកមួយទៀត សមាគមស្វាយចន្ទីកម្ពុជា ត្រូវបានស្នើដាក់ធាតុចូលពី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនឹងរៀបចំកិច្ចប្រជុំពិភាក្សាដើម្បីត្រៀមលក្ខណៈសម្រាប់វេទិការវាងរាជរដ្ឋាភិបាល និងវិស័យ ឯកជន គ្រោងនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខ។ សសក នឹងជួយសម្រប សម្រួលជាមួយសមាជិកផ្នែកកម្មន្តសាលសហគ្រាសធុនតូចនិងមធ្យម និងសេវា ដើម្បីប្រមូលនូវបញ្ហាប្រឈមកំពុង ជួបប្រទះដែលប៉ះពាល់ដល់អាជីវកម្ម និងលើកជាសំណូមពរនានា ដើម្បីក្រសួងរៀបចំកិច្ចប្រជុំពិភាក្សាដោះស្រាយជាមួយភាគីពាក់ព័ន្ធ។
ប្រភព៖ សសក ចូលរួមវេទិការវិស័យឯកជន រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា | CAC

