សសក អំពាវនាវ​រក​ការ​វិនិយោគ​លើ​ការ​កែច្នៃ ក្នុង​វេទិកា​រស្តីពី​កសិពាណិជ្ជកម្ម​នៅ​ស្ថានទូត​អាមេរិក

ព័ត៌មាន សសក

ភ្នំពេញ ៣០ កញ្ញា ២០២៥ – សមាគម​ស្វាយ​ចន្ទី​កម្ពុជា (ស.ស.ក) ត្រូវ​បាន​អញ្ជើញ​ជា​វាគ្មិន​ក្នុង​វេទិកា​រស្តីពី​កសិពាណិជ្ជកម្ម​កម្រិត​ខ្ពស់ ដែល​រៀបចំ​ដោយ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៣០ ខែ​កញ្ញា។ ព្រឹត្តិការណ៍​នេះ​បាន​នាំ​ភាគី​ពាក់ព័ន្ធ​មក​ជួប​ជុំ​គ្នា​ដើម្បី​ស្វែងយល់​អំពី​ឱកាស​វិនិយោគ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម​របស់​កម្ពុជា ដោយ​ផ្តោត​លើ​ការ​ទាក់ទាញ​ក្រុមហ៊ុន​អាមេរិក​ឲ្យ​ចូលរួម​ក្នុង​ទីផ្សារ​កសិពាណិជ្ជកម្ម​ដែល​កំពុង​រីកចម្រើន​របស់​កម្ពុជា។

តំណាង​ឲ្យ​ ស.ស.ក លោក ស៊ុយ កុកធាន អនុប្រធាន​ ស.ស.ក បាន​គូស​បញ្ជាក់​អំពី​ដំណើរការ​នាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​ឆៅ ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​កម្ពុជា។ ដោយ​ផ្អែក​លើ​តួលេខ​ក្រៅ​ផ្លូវការ កម្ពុជា​បាន​នាំ​ចេញគ្រាប់ចន្ទីឆៅ ចំនួន ៩៤១ ០០០ តោន ក្នុង​រយៈពេល ៨​ខែ​ដំបូង​ឆ្នាំ២០២៥ ដោយ​រក​បានចំណូលប្រមាណ ១,៤ ពាន់​លាន​ដុល្លារ​អាមេរិកចាក់ចូលចរន្តសេដ្ឋកិច្ចជាតិ។

ទោះជា​យ៉ាងណា លោក កុកធាន បាន​ចង្អុល​បង្ហាញ​ថា សមត្ថភាព​កែច្នៃ​ស្វាយ​ចន្ទី​​របស់​កម្ពុជា​មាន​កម្រិត បាន​រារាំង​យើង​មិន​ឲ្យ​ចាប់​យក​តម្លៃ​ពេញលេញ​នៃ​ឧស្សាហកម្ម​ស្វាយ​ចន្ទី​របស់​ខ្លួន។ លោក​បាន​លើក​ឡើង​ថា «ប្រសិនបើ​មាន​ការ​វិនិយោគ​កាន់តែ​ច្រើន​លើ​ការ​កែច្នៃ​ក្នុង​ស្រុក កម្ពុជា​អាច​បង្កើន​ចំណូល​នាំ​ចេញ​ស្វាយ​ចន្ទី​របស់​ខ្លួន​រហូត​ដល់ ១២០% ដោយសារ​តម្លៃ​បន្ថែម​នៃ​អនុផលគ្រាប់ចន្ទី»។

បញ្ហា​ចម្បង​មួយ​ដែល​បាន​លើក​ឡើង​គឺ​ការ​ខ្ជះខ្ជាយ ផ្លែ​ស្វាយ​ចន្ទី ដែល​ជា​ទូទៅ​ត្រូវ​បាន​បោះចោល​នៅ​តាម​កសិដ្ឋាន ទោះបីជាផ្លែចន្ទី​មាន​សក្តានុពល​ក៏ដោយ។ លោក កុកធាន បាន​និយាយ​ថា «ផ្លែ​ស្វាយ​ចន្ទី​អាច​ត្រូវ​បាន​កែច្នៃ​ទៅជា​ចំណី​សត្វ ទឹក​ខ្មេះ និង​ស្រា»។ លោកបានបន្តថា «ប៉ុន្តែ​បើ​គ្មាន​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ទេ កសិករ​មិន​អាច​កែច្នៃប្រើប្រាស់​ធនធាន​ដ៏​មាន​តម្លៃ​នេះ​បាន​ទេ»។

ស.ស.ក កំពុង​ស្វែងរក​យ៉ាង​សកម្ម​នូវ​ការ​វិនិយោគ​ក្នុង​ការ​អភិវឌ្ឍ​អនុផល​ស្វាយ​ចន្ទី រួម​មាន ប្រេង​សម្បក​គ្រាប់​ស្វាយ​ចន្ទី (CNSL) សារធាតុ​ចម្រាញ់​ពី​សម្បក​គ្រាប់​ស្វាយ​ចន្ទី (CNSE) ការ​កែច្នៃ​ផ្លែ​ស្វាយ​ចន្ទី និង​ការ​ផលិត​ទឹក​ផ្លែ​ស្វាយ​ចន្ទី។ នវានុវត្តន៍​ទាំងនេះ​មិន​ត្រឹមតែ​អាច​កាត់​បន្ថយ​ការ​ខ្ជះខ្ជាយ​ចំណីអាហារ និង​ថ្លៃដើម​ផលិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើ​ឲ្យ​ផលិតផល​ស្វាយ​ចន្ទី​របស់​កម្ពុជា​មាន​ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​នៅ​លើ​ទីផ្សារ​អន្តរជាតិ។

ស្ថានទូត​អាមេរិក​បាន​កត់​សម្គាល់​ក្នុង​លិខិតអញ្ជើញថា វេទិកា​រ​នេះ​​ជា​វេទិកា​សម្រាប់​ពិភាក្សា​អំពី​អាទិភាព​យុទ្ធសាស្ត្រ ឱកាស​ដែល​កំពុង​លេច​ឡើង និង​ផ្នែក​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​ភាគី​ពាក់ព័ន្ធ​កម្ពុជា និង​វិនិយោគិន​អាមេរិក។ ស្ថានទូត​បាន​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​ទស្សនៈ​ ក្នុង​ការ​បង្កើត​ភាព​ជា​ដៃគូ​សក្តានុពល​របស់​សហរដ្ឋអាមេរិក​ក្នុង​វិស័យ​កសិពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​កម្ពុជា។

ស្ថានទូត​បាន​បញ្ជាក់​ថា «យើង​ពិតជា​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​ទស្សនៈ​របស់​អ្នកពាក់ព័ន្ធ​កម្ពុជា​លើ​វិស័យ​សំខាន់ៗ​សម្រាប់​កិច្ចសហប្រតិបត្តិការ ឱកាស​ដែល​កំពុង​លេច​ឡើង និង​អាទិភាព​យុទ្ធសាស្ត្រ​ដែល​អាច​ណែនាំ​ការ​វិនិយោគ និង​ភាព​ជា​ដៃគូ​របស់​សហរដ្ឋអាមេរិក​ក្នុង​វិស័យ​ដ៏​សំខាន់​ៗនេះ»។