ខេត្តកំពង់ធំ ប្រទេសកម្ពុជា ថ្ងៃទី៣ខែសីហា ឆ្នាំ២០២៥- សមាគមស្វាយចន្ទីកម្ពុជា (សសក) បានរៀបចំព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្មដោយជោគជ័យ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមការអធិបតី ឯកឧត្តមបណ្ឌិត សួង ណយ។
ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំអ្នកចូលរួមចំនួន៩១នាក់ ក៏មានការចូលរួមពីតំណាងមកពីសហគមន៍កសិកម្ម ចំនួន៤៥មកពីខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ធំ និងខេត្តព្រះវិហារ រួមជាមួយនឹងសហគ្រាសក្នុងស្រុក និងអន្តរជាតិចំនួន១៦មកពីប្រទេសបារាំង ចិន ម៉ុងហ្គោលី និងកម្ពុជា។
ស្ថាប័នហិរញ្ញវត្ថុជាដៃគូអភិវឌ្ឍន៍សំខាន់ៗដូចជា ធនាគារវីង ធនាគារស្ថាបនាលីមីតធីត ធនាគារ ARDB ធនាគារ សហគ្រាសធុនតូចនិងមធ្យម និងសហគ្រិនខ្មែរ ក៏បានចូលរួមក្នុងការពិភាក្សាផងដែរ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយមានការគាំទ្រពី EU – German Capsafe , HEKS / EPER Cambodia ,គម្រោង ASCEP , WCS , Oxfam ,និង Pearl – FAO ដែលទាំងអស់នេះបានដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្គូផ្គងអាជីវកម្ម។
គោលបំណងសំខាន់នៃព្រឹត្តិការណ៍នេះ គឺដើម្បីបង្កើនពាណិជ្ជកម្មក្នុងស្រុកនៃគ្រាប់ស្វាយចន្ទីឆៅ និងកាត់បន្ថយលំហូរចេញប្រហែល ៣០ភាគរយនៃផលិតកម្មចន្ទីសរុប របស់កម្ពុជាទៅកាន់ទីផ្សារខាងក្រៅ។សសក បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ខ្លួនក្នុងការកែលម្អលទ្ធកម្មក្នុងស្រុក និងការកសាងខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព។
សហគមន៍កសិកម្មបានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញដែលមានការទទួលខុសត្រូវ និងអាចទុកចិត្តបាន ខណៈដែលអ្នកទិញបានគូសបញ្ជាក់ពីសារៈសំខាន់នៃការធានាគុណភាព និងការត្រួតពិនិត្យនៅក្នុងការផ្គត់ផ្គង់គ្រាប់ឆៅ ។ លក្ខខណ្ឌនៃការទូទាត់ដែលបានពិភាក្សា គឺផ្តោតជាសំខាន់ជុំវិញគំរូទូទាត់ភ្លាមៗ ដោយមានការផ្ទេរប្រាក់តាមធនាគារ ជាវិធីសាស្ត្រដែលគ្រប់គ្នាទទួលយក។
សហគ្រាសដែលចូលរួម បានប្តេជ្ញាចិត្តចូលរួមជាមួយសហគមន៍កសិកម្ម និងឈ្មួញកណ្តាលដើម្បីស្វែងរកការរៀបចំកសិកម្មតាមកិច្ចសន្យា។ កិច្ចប្រជុំបន្ទាប់គ្រោងនឹងធ្វើឡើងនៅខែតុលាឆ្នាំ ២០២៥ ដែលក្នុងអំឡុងពេលនោះ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកសិកម្មតាមកិច្ចសន្យាផ្លូវការត្រូវបានគេរំពឹងថានឹងធ្វើ។

