សមាគមស្វាយចន្ទីកម្ពុជាស្វះស្វែងផ្សារភ្ជាប់ជាមួយអ្នកលក់រាយអូស្ត្រាលី

ព័ត៌មាន សសក

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី១ខែកញ្ញា ឆ្នាំ២០២៥

សមាគមស្វាយចន្ទីកម្ពុជា (សសក) ចាប់ផ្តើមវគ្គបង្វឹកសម្រាប់ឱកាសចូលទីផ្សារលក់រាយរបស់អូស្ត្រាលី និងពង្រឹងទំនាក់ទំនងអាជីវកម្មជាមួយអ្នកទិញក្នុងឧស្សាហកម្មស្វាយចន្ទី ដោយមានការគាំទ្រពីភាពជាដៃគូកម្ពុជា អូស្ត្រាលីសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) សសក មានគោលបំណងពង្រីកការបោះជំហានជាអន្តរជាតិនៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ដោយសិក្សាពីអ្នកជំនាញអូស្ត្រាលី អំពីទិដ្ឋភាពសំខាន់ៗនៃខ្សែច្រវាក់ផ្គត់ផ្គង់លក់រាយ។ នេះរួមបញ្ចូលទាំងការយល់ដឹងអំពីបទប្បញ្ញត្តិគយ ពន្ធនាំចូល ស្តង់ដារសុវត្ថិភាពចំណីអាហារ ដំណើរការវិញ្ញាបនប័ត្រ និងយុទ្ធសាស្ត្រវេចខ្ចប់ ដែលសមស្របសម្រាប់ទីផ្សារអូស្ត្រាលី។

ផ្នែកស្នូលនៃការផ្តោតអារម្មណ៍ គឺការយល់ដឹងអំពីនិន្នាការនៃការវេចខ្ចប់ ដែលទាក់ទាញអតិថិជនអូស្ត្រាលី។ សសក កំពុងសម្លឹងមើលទៅលើភាពខុសគ្នានៃការរចនាវេចខ្ចប់ ដូចជាកញ្ចប់មានប្លាស្ទីកថ្លា ដើម្បីបង្ហាញផលិតផលកម្រិតខ្ពស់។ ទាំងនេះរួមមាន គ្រាប់ស្វាយចន្ទីពណ៌សទាំងមូល(WW), បំបែកពាក់កណ្តាល(WS),បំណែកធំពណ៌ស( LWP) និងគ្រាប់ស្វាយចន្ទីជាមួយសម្បកព័ណ៌ត្នោត (AW)។ តាមរយៈការផ្តល់ជូននូវប្រភេទផលិតផលជាច្រើន សសក មានគោលបំណងផ្តល់នូវជម្រើសកាន់តែច្រើនដល់អ្នកប្រើប្រាស់ដោយផ្អែកលើគុណភាព និងតម្លៃ។

នៅប្រទេសអូស្ត្រាលី ផលិតផលស្វាយចន្ទីវេចខ្ចប់បែបនេះ ជារឿយៗត្រូវបានដាក់នៅតាមច្រកផ្សេងៗគ្នានៅទូទាំងផ្សារទំនើប និងផ្សារលក់រាយអាស្រ័យលើប្រភេទនិងតម្លៃ។ សសក កំពុងសិក្សាយុទ្ធសាស្ត្រទាំងនេះ ដើម្បីដាក់ផលិតផលរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងសម្រាប់ភាពជោគជ័យ។

តាមរយៈការបន្តសហការជាមួយគម្រោង CAPRED និងភាគីពាក់ព័ន្ធក្នុងឧស្សាហកម្មអូស្ត្រាលី  សសក សង្ឃឹមថានឹងអាចជួបអ្នកទិញកាន់តែច្រើន និងធ្វើពិពិធកម្មផលិតផលរបស់ខ្លួន។ គ្រាប់ស្វាយចន្ទីកម្ពុជាត្រូវបានគេស្គាល់ថាមានរសជាតិធម្មជាតិ និងគុណតម្លៃអាហារូបត្ថម្ភខ្ពស់ ដោយសារវាមិនត្រូវបានបន្ថែមរស់ជាតិសិប្បនិមិត្ត។ សសក ជឿជាក់ថានឹងលក់គ្រាប់ចន្ទីល្អរបស់កម្ពុជាដល់អ្នកប្រើប្រាស់អូស្ត្រាលីដែលគិតគូរពីសុខភាព។

គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់ សសក ក្នុងការលើកកម្ពស់ទម្រង់ផលិតផលស្វាយចន្ទីកម្ពុជានៅក្នុងទីផ្សារពិភពលោក និងលើកកម្ពស់ជីវភាពរស់នៅរបស់កសិករក្នុងតំបន់ តាមរយៈភាពជាដៃគូពាណិជ្ជកម្មប្រកបដោយនិរន្តរភាព។

ប្រភព៖ សមាគមស្វាយចន្ទីកម្ពុជាស្វះស្វែងផ្សារភ្ជាប់ជាមួយអ្នកលក់រាយអូស្ត្រាលី – Cashew nut Association of Cambodia