នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រកសិករស្វាយចន្ទី ចំពេលមានបញ្ហាប្រឈមអាកាសធាតុកើនឡើង សមាគមស្វាយចន្ទីកម្ពុជា (សសក) បានចាប់ដៃគូជាមួយក្រុមហ៊ុនផ្តល់ធាតុចូលកសិកម្មឈានមុខគេ ដើម្បីផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស ក្នុងគោលបំណងកសាងភាពធន់ និងលើកកម្ពស់ការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព។
ក្រោមកិច្ចសហការនេះ ក្រុមហ៊ុនជាច្រើនដូចជាក្រុមហ៊ុន Angkor green , Rohat agro Tech , Rhino master , Huy Yun agriculture , UT crop protection , Agro Pharmacy ,និង VSR Agriscience បានដាក់ពង្រាយអ្នកជំនាញផ្នែកវិទ្យាសាស្ត្រកសិកម្មផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីផ្តល់ការបណ្តុះបណ្តាលជាក់ស្តែងដល់កសិករនៅទូទាំងប្រទេសកម្ពុជា។
គំនិតផ្តួចផ្តើមនេះរួមបញ្ចូលសិក្ខាសាលាបណ្តុះបណ្តាលដែលបានគ្រោងទុកចំនួន៤០ ក្នុងឆ្នាំ ២០២៥ ដែលរៀបចំដោយសាខាខេត្តចំនួន១០របស់ សសក ដែលកំណត់គោលដៅគ្រួសារកសិករជាង ៥ ០០០។ រហូតមកដល់បច្ចុប្បន្ន សិក្ខាសាលាចំនួន២៣ត្រូវបានធ្វើឡើងរួចហើយ ដោយមានកសិករចំនួន២១០៥នាក់បានចូលរួម។ វគ្គទាំងនេះ ត្រូវបានធ្វើឡើងនៅក្នុងខេត្តផលិតស្វាយចន្ទីសំខាន់ៗរួមមាន ខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី ព្រះវិហារ និងសៀមរាប។ គួរកត់សម្គាល់ថា សិក្ខាសាលាមួយនៅក្នុងខេត្តកំពង់ធំបានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពី HEKS / Eper Cambodia ។
ការផ្តោតសំខាន់នៃការបណ្តុះបណ្តាល គឺលើការកាត់បន្ថយថ្លៃដើមផលិតកម្ម និងការលើកកម្ពស់ការអនុវត្តកសិកម្មដែលធន់នឹងអាកាសធាតុ។ កសិករកំពុងត្រូវបានបណ្តុះបណ្តាលឱ្យកាត់បន្ថយការប្រើប្រាស់សារធាតុគីមី តាមរយៈការគ្រប់គ្រងសត្វល្អិតរួមបញ្ចូលគ្នា ត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់ជម្រើសដែលផលិតដោយខ្លួនឯង ដូចជា មីក្រូសរីរាង្គជីហែម ដែលមានប្រសិទ្ធភាពខ្ពស់ និងមីក្រូសរីរាង្គ IMOBs ។ ធាតុចូលជីវសាស្ត្រទាំងនេះជួយបង្កើនផលិតភាព ព្រមទាំងជួយការពារបរិស្ថាន់។
គោលការណ៍កសិកម្មអាកាសធាតុឆ្លាតវៃ (CSA) គឺជាបេះដូងនៃគំនិតផ្តួចផ្តើម។ CSA គឺជាវិធីសាស្ត្រប្រកបដោយនិរន្តរភាពចំពោះការធ្វើកសិកម្មដែលមានគោលបំណងបង្កើនផលិតភាព បង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ វាលើកកម្ពស់ការអនុវត្តដូចជាប្រព័ន្ធធារាសាស្ត្រដែលមានប្រសិទ្ធភាព ការប្រើប្រាស់ពូជដំណាំដែលធន់នឹងអាកាសធាតុ កសិរុក្ខាប្រមាញ់ និងឧបករណ៍ឌីជីថលសម្រាប់ត្រួតពិនិត្យកសិដ្ឋាន។
សសក ក៏កំពុងរៀបចំណែនាំ ធ្យូងកសិកម្ម ផលិតចេញពីអង្កាម និងសំណល់សំបកគ្រាប់ស្វាយចន្ទី ដែលជាផ្នែកមួយនៃកម្មវិធីជីកាបូន ក្នុងភាពជាដៃគូជាមួយដៃគូអាកាសធាតុ Modiri Climate Partner Pte ។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តនេះត្រូវបានផ្អាក រហូតដល់រដ្ឋាភិបាលដាក់ឱ្យដំណើរការជាផ្លូវការនូវសួនឧស្សាហកម្មស្វាយចន្ទី (CIP)។ វិស័យកសិកម្មរបស់កម្ពុជាប្រឈមមុខនឹងបញ្ហាពីការកើនឡើងនៃការបំភាយឧស្ម័ន និងការពឹងផ្អែកលើជី គីមី ហើយគម្រោង ធ្យូងកសិកម្ម មានគោលបំណងដោះស្រាយបញ្ហាទាំងនេះតាមរយៈបច្ចេកវិទ្យាប្រកបដោយនិរន្តរភាព និងការចូលរួមរបស់សហគមន៍។
លើសពីនេះទៀត សិក្ខាសាលាបានគូសបញ្ជាក់ពីបច្ចេកទេស ពហុដំណាំ និង ដំណាំព្រៃឈើ ជាការអនុវត្តសំខាន់របស់ CSA ។ តាមរយៈការដាំដំណាំច្រើនមុខរួមគ្នា កសិករអាចកាត់បន្ថយការហួតដី ធ្វើអោយប្រសើរឡើងនូវការរក្សាទឹក និងបង្កើនផលិតភាពទាំងមូល។ ការធ្វើអន្តរដំណាំ ជួយបង្កើនជីវចម្រុះ សុខភាពដី និងសមាសធាតុសំខាន់ៗក្នុងការកសាងប្រព័ន្ធកសិកម្មដែលធន់នឹងអាកាសធាតុ។
តាមរយៈគំនិតផ្តួចផ្តើមនេះ សសក និងដៃគូរបស់ខ្លួនមានគោលបំណងផ្តល់សិទ្ធិអំណាចដល់កសិករជាមួយនឹងចំណេះដឹង និងឧបករណ៍ដែលពួកគេត្រូវការដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយផលប៉ះពាល់បរិស្ថាន និងធានាអនាគតនៃឧស្សាហកម្មស្វាយចន្ទីរបស់កម្ពុជា។
