ក្រសួងពាណិជ្ជកម្ម បើកយុទ្ធនាការដើម្បីពង្រីកការផ្តល់វិញ្ញាបនបត្រហាឡាលសម្រាប់ផលិតផលកម្ពុជា

ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ — ក្រសួងពាណិជ្ជកម្ម បានបើកយុទ្ធនាការទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយ និងធ្វើឱ្យមានភាពងាយស្រួលក្នុងការចុះបញ្ជីវិញ្ញាបនបត្រហាឡាលកម្ពុជា ដោយមានគោលដៅលើកកម្ពស់គុណភាពផលិតផល បង្កើនទំនុកចិត្តពីអ្នកបរិភោគ និងពង្រឹងការចូលទៅកាន់ទីផ្សារហាឡាលអន្តរជាតិរបស់ប្រទេស។

យុទ្ធនាការនេះ ត្រូវបានប្រកាសបើកជាផ្លូវការនាថ្ងៃសុក្រ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ព្រមទាំងតំណាងមកពីក្រសួង ស្ថាប័នរដ្ឋ គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១  សភាពាណិជ្ជកម្មកម្ពុជា សមាគមធុរកិច្ច សហគ្រាសឯកជន និងរួមទាំងសមាគមស្វាយចន្ទីកម្ពុជា (សសក)

ថ្លែងក្នុងពិធីបើក លោកជំទាវ ចម និម្មល បានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះគឺជាយុទ្ធនាការរួមគ្នាដំបូងគេ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ដើម្បីជម្រុញការយល់ដឹងអំពីវិញ្ញាបនបត្រហាឡាល ព្រមទាំងធ្វើឱ្យដំណើរការចុះបញ្ជីកាន់តែមានប្រសិទ្ធភាព និងបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្ម។

លោកជំទាវ បានបន្ថែមថា យុទ្ធនាការនេះត្រូវបានរំពឹងថានឹងជួយលើកកម្ពស់គុណភាពផលិតផល បង្កើនតម្លៃបន្ថែម និងជួយឱ្យផលិតផលកម្ពុជាកាន់តែមានភាពប្រកួតប្រជែងនៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។

យុទ្ធនាការនេះ បានណែនាំនូវការកែទម្រង់មួយចំនួន ក្រោមប្រកាសដែលបានកែសម្រួលឡើងវិញរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីការផ្តល់វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា។ បទប្បញ្ញត្តិថ្មីនេះ បានធ្វើសាមញ្ញកម្មលើនីតិវិធីនៃការដាក់ពាក្យស្នើសុំ ដោយកាត់បន្ថយរយៈពេលដំណើរការចុះបញ្ជីពី ៩០ ថ្ងៃធ្វើការ មកត្រឹម ៦០ ថ្ងៃធ្វើការ បង្កើនសុពលភាពវិញ្ញាបនបត្រពីមួយឆ្នាំទៅពីរឆ្នាំ អនុញ្ញាតឱ្យអាជីវកម្មពង្រីកបញ្ជីផលិតផលដែលបានចុះបញ្ជីរបស់ពួកគេ និងផ្តល់នូវនីតិវិធីចុះបញ្ជីច្បាស់លាស់សម្រាប់រូបវន្តបុគ្គល (អាជីវកម្មបុគ្គល)។ រយៈពេលនៃការជូនដំណឹងអំពីការបន្តសុពលភាពជាមុន ក៏ត្រូវបានពង្រីកពី ៣០ ថ្ងៃ ទៅ ៩០ ថ្ងៃ មុនពេលវិញ្ញាបនបត្រផុតកំណត់ផងដែរ។

បន្ថែមពីលើការធ្វើឱ្យប្រសើរឡើងនូវដំណើរការផ្តល់វិញ្ញាបនបត្រ យុទ្ធនាការនេះមានគោលបំណងបង្កើនការយល់ដឹងជាសាធារណៈអំពីស្តង់ដារហាឡាល និងលើកទឹកចិត្តឱ្យអាជីវកម្មនានាចាប់យកការប្រើប្រាស់ស្លាកសញ្ញាហាឡាលផ្លូវការរបស់កម្ពុជា។ មន្ត្រីជំនាញក៏បានគូសបញ្ជាក់អំពីបទប្បញ្ញត្តិដែលគ្រប់គ្រងលើការប្រើប្រាស់ម៉ាកសញ្ញាហាឡាលដោយគ្មានការអនុញ្ញាត ដោយសង្កត់ធ្ងន់ថា មានតែផលិតផលដែលទទួលបានវិញ្ញាបនបត្រត្រឹមត្រូវប៉ុណ្ណោះ ទើបត្រូវបានអនុញ្ញាតឱ្យបង្ហាញស្លាកសញ្ញាហាឡាលកម្ពុជា។

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានធ្វើបទឧទ្ទេសនាមអំពីសាវតានិងការអភិវឌ្ឍនៃការផ្តល់វិញ្ញាបនបត្រហាឡាលនៅកម្ពុជា និងបានចែករំលែកនូវទស្សនវិស័យអំពីឱកាសនៅក្នុងទីផ្សារនាំចេញហាឡាលសំខាន់ៗ។ មន្ត្រីជំនាញបច្ចេកទេសមកពីគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ក៏បានធ្វើបទបង្ហាញអំពីដំណើរការនៃការចុះបញ្ជី ខណៈដែលតំណាងមកពីក្រុមហ៊ុនក្នុងស្រុកបានចែករំលែកបទពិសោធន៍របស់ពួកគេក្នុងការទទួលបានវិញ្ញាបនបត្រហាឡាល និងការពង្រីកចូលទៅកាន់ទីផ្សារថ្មីៗ។

យុទ្ធនាការផ្សព្វផ្សាយទូទាំងប្រទេសនេះ នឹងប្រព្រឹត្តទៅចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២៦។ បន្ទាប់ពីការបើកសម្ពោធនៅរាជធានីភ្នំពេញ កម្មវិធីនេះនឹងពង្រីកទៅកាន់ខេត្តគោលដៅសំខាន់ៗ រួមមាន ខេត្តសៀមរាប បាត់ដំបង កំពត-កែប និងព្រះសីហនុ ដែលទីនោះនឹងមានការរៀបចំមជ្ឈមណ្ឌលសេវាកម្មដើម្បីផ្តល់ការប្រឹក្សាយោបល់ ការណែនាំបច្ចេកទេស និងការសម្របសម្រួលក្នុងការបំពេញពាក្យស្នើសុំវិញ្ញាបនបត្រនៅទីតាំងផ្ទាល់។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះអាចបង្កើតឱកាសនាំចេញថ្មីៗសម្រាប់អ្នកផលិតចំណីអាហារកម្ពុជា រួមទាំងអ្នកកែច្នៃកសិផលដូចជាឧស្សាហកម្មស្វាយចន្ទីជាដើម តាមរយៈការជួយឱ្យអាជីវកម្មនានាសម្រេចបានតាមស្តង់ដារហាឡាលដែលទទួលស្គាល់ជាអន្តរជាតិ និងទទួលបានការចូលទៅកាន់ទីផ្សារអ្នកបរិភោគអ៊ិស្លាមដែលកំពុងកើនឡើងយ៉ាងរហ័សនៅទូទាំងពិភពលោក៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម បើកយុទ្ធនាការដើម្បីពង្រីកការផ្តល់វិញ្ញាបនបត្រហាឡាលសម្រាប់ផលិតផលកម្ពុជា | CAC