រតនគិរី ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ — ឧស្សាហកម្មស្វាយចន្ទីរបស់កម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាប្រឈមកាន់តែខ្លាំង ដោយសារការប្រែប្រួលអាកាសធាតុកំពុងផ្លាស់ប្តូរលំនាំអាកាសធាតុ និងរំខានដល់ផលិតកម្មដំណាំនៅទូទាំងតំបន់ដាំដុះសំខាន់ៗ។ ការអង្កេតជាក់ស្តែងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បង្ហាញថា របបទឹកភ្លៀងមិនទៀងទាត់ ពពកច្រើនអូសបន្លាយ និងខ្យល់ព្យុះទីហ្វុងនៅចុងរដូវ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការលូតលាស់របស់ស្វាយចន្ទី ដែលនាំឱ្យមានការលូតលាស់យឺតយ៉ាវ និងបារម្ភពីទិន្នផលថយចុះនាឆ្នាំ២០២៦ខាងមុខ។

លទ្ធផលការអង្កេតជាក់ស្តែង
យោងតាមលោក Karthikeyan Ganapathi ជាអ្នកជំនាញកសិកម្មនៃក្រុមហ៊ុន SK Plantation ក្នុងខេត្តរតនគិរី ឆ្នាំ ២០២៥ បាននាំមកនូវបរិមាណទឹកភ្លៀងខ្ពស់ខុសពីធម្មតា ជាពិសេសចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា រួមផ្សំជាមួយនឹងរយៈពេលយូរនៃការខ្វះពន្លឺព្រះអាទិត្យ។ លោកបានកត់សម្គាល់ថា៖ «លក្ខខណ្ឌទាំងនេះជះឥទ្ធិពលដោយផ្ទាល់ទៅលើលក្ខណៈសរីរវិទ្យារបស់ស្វាយចន្ទី» ដោយលើកឡើងពីភាពយឺតយ៉ាវនៃការបង្កើតពន្លក ការពន្យារពេលនៃការចេញផ្កា ការដក់ទឹកលើដីខ្សាច់លាយដីឥដ្ឋ និងសម្ពាធស្មៅលើសលប់ក្នុងដំណាក់កាលលូតលាស់សំខាន់ៗ។
កសិករនៅទូទាំងខេត្តដូចជាកំពង់ធំ និងរតនគិរី បានរាយការណ៍ពីការកើនឡើងនៃការខាតបង់ដែលបណ្តាលមកពីអាកាសធាតុអាក្រក់ រួមមាន របបទឹកភ្លៀងមិនអាចទាយទុកជាមុនបាន ខ្យល់ខ្លាំង និងការកើនឡើងសត្វល្អិត។ អ្នកជំនាញបានព្រមានថា បញ្ហាប្រឈមទាំងនេះទំនងជានឹងកាន់តែខ្លាំងឡើង នៅពេលដែលកម្ពុជាជួបប្រទះភាពប្រែប្រួលអាកាសធាតុដែលកាន់តែច្បាស់។

ការសម្របខ្លួនរបស់កសិករ និងតួនាទីរបស់ សសក
លោក Ganapathi បានសង្កត់ធ្ងន់ថា ការអន្តរាគមន៍ ភាពឆ្លាតវៃអាកាសធាតុ គឺចាំបាច់ជាបន្ទាន់។ វិធានការអាទិភាពរួមមាន៖ ការកែលម្អប្រព័ន្ធបង្ហូរទឹកដើម្បីកាត់បន្ថយការដក់ទឹក ការគ្រប់គ្រងស្មៅឱ្យបានទាន់ពេលវេលា និងដាំដំណាំគម្របដី ដើម្បីរក្សាសំណើមដី និងការត្រួតពិនិត្យចំការឱ្យបានញឹកញាប់សម្រាប់ការរកឃើញដំបូងនៃភាពតានតឹង(ស្ត្រេស) របស់រុក្ខជាតិ។
លោកបាននិយាយថា៖ «ការប្រែប្រួលអាកាសធាតុមិនមែនជាការគំរាមកំហែងពីចម្ងាយទៀតទេ វាបាននិងកំពុងផ្លាស់ប្តូរចំការរបស់យើងរួចហើយ»។ «ជាមួយនឹងការគ្រប់គ្រង និងការសម្របខ្លួនជាមុន វិស័យស្វាយចន្ទីអាចបន្តមានភាពធន់»។
សមាគមស្វាយចន្ទីកម្ពុជា (សសក) យល់ស្របថា ការប្រែប្រួលអាកាសធាតុបង្កជាបញ្ហាប្រឈមដ៏ធំ ប៉ុន្តែបានគូសបញ្ជាក់ថាកសិករបានត្រៀមខ្លះហើយសម្រាប់សម្របខ្លួន។ លោក អួន ស៊ីឡុត ប្រធាន សសក បានថ្លែងថា សសក បានធ្វើការស្រាវជ្រាវដ៏ទូលំទូលាយលើការងារជាក់ស្តែង និងបានណែនាំនូវដំណោះស្រាយ ជីបាញ់តាមស្លឹកដែលមានតម្លៃសមរម្យ និងផលិតដោយខ្លួនឯង ដូចជា មីក្រូសរីរាង្គដែលមានប្រសិទ្ធភាពខ្ពស់ (HEM) និង បាក់តេរីមីក្រូសរីរាង្គមូលដ្ឋាន Bacillus subtilis (IMOBs)។ លោកបាននិយាយថា វិធីសាស្រ្តទាំងនេះបាន ជំរុញទិន្នផលស្វាយចន្ទីបានជាង ១០ ភាគរយ ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយ ខណៈពេលដែលកាត់បន្ថយថ្លៃដើមផលិត។
ចាប់តាំងពីខែឧសភា ឆ្នាំ ២០២៥ មក សសក បានផ្តល់វគ្គបណ្តុះបណ្តាលចំនួន ៤០ ដែលបានទៅដល់កសិករជាង ៧ ៤០០ នាក់ នៅទូទាំង ១០ ខេត្ត។ វគ្គសិក្សានីមួយៗមានអ្នកចូលរួមជាមធ្យម ៩០ នាក់ និងផ្តោតលើការរៀនសូត្រជាក់ស្តែងនៅកសិដ្ឋាន។
លោក ស៊ីឡុត បាននិយាយថា៖ «គោលបំណងរបស់យើងគឺដើម្បីផ្តល់អំណាចដល់កសិករជាមួយនឹងបច្ចេកទេសពិតប្រាកដដែលអាចជួយពួកគេរកប្រាក់ចំណូលបានកាន់តែច្រើនពីដីដដែលរបស់ពួកគេ»។
វគ្គបណ្តុះបណ្តាលរួមមានការបង្ហាញពីការផលិតជីដែលមានតម្លៃទាបដូចជា ជីកំប៉ុសទឹក HEM IMOBs និងល្បាយប័រដូ (Bordeaux Mixture) ដែលជាការអនុវត្តដែល សសក បានលើកឡើងថា ពង្រឹងទាំងសុខភាពដី និងភាពធន់របស់ដំណាំ។

នៅពេលដែលកម្ពុជាត្រៀមលក្ខណៈសម្រាប់អាកាសធាតុដែលប្រែប្រួលកាន់តែខ្លាំងក្នុងប៉ុន្មានឆ្នាំខាងមុខ អ្នកជំនាញកសិកម្ម និងសមាគមកសិករដូចគ្នាបានសង្កត់ធ្ងន់ថា នវានុវត្តន៍ ការសម្របខ្លួន និងការអនុវត្តដែលឆ្លាតវៃអាកាសធាតុ នឹងមានសារៈសំខាន់ក្នុងការការពារវិស័យស្វាយចន្ទីរបស់ប្រទេស។

