ខេត្តកំពង់ធំបើកកិច្ចពិគ្រោះយោបល់លើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មឆ្នាំ២០២៦-២០៣០

កំពង់ធំ កម្ពុជា ថ្ងៃទី១៥ ខែសីហា — ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយកាលពីថ្ងៃសៅរ៍ ដើម្បីប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ សម្រាប់ការរៀបចំ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០» ដោយផ្តោតលើការប្រែក្លាយវិស័យកសិកម្មទៅជាវិស័យទំនើប មានផលិតភាពខ្ពស់ និងបង្កើតតម្លៃបន្ថែមខ្ពស់។

សិក្ខាសាលានេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។ កម្មវិធីនេះ ត្រូវបានសហការរៀបចំឡើងដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋបាលខេត្តកំពង់ធំ។

ការពិគ្រោះយោបល់ពេញមួយថ្ងៃនេះ បានផ្តោតសំខាន់លើសក្តានុពលកសិកម្មរបស់ខេត្ត បញ្ហាប្រឈមធំៗ និងដំណោះស្រាយដែលអាចកើតមាន ព្រមទាំងប្រមូលអនុសាសន៍ពីស្ថាប័នរដ្ឋ កសិករ ធុរជន ស្ថាប័នហិរញ្ញវត្ថុ អង្គការស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍នានា។

កិច្ចពិភាក្សាបានផ្តោតលើខ្សែច្រវាក់តម្លៃអាទិភាពចំនួន ៦ រួមមាន៖ ដំណាំស្រូវ ស្វាយចន្ទី ដំឡូងមី កៅស៊ូនិងដំណាំសក្តានុពលផ្សេងទៀត វារីវប្បកម្ម និងការចិញ្ចឹមសត្វ។

មានសិក្ខាកាមចូលរួមប្រមាណ ៣០០ នាក់ រួមមានមន្ត្រីរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត សហគមន៍កសិកម្ម និងនេសាទ តំណាងវិស័យឯកជន ក្រុមហ៊ុននាំចេញ ក្រុមហ៊ុនភ័ស្តុភាកម្ម និងផ្គត់ផ្គង់ធាតុចូលកសិកម្ម ស្ថាប័នហិរញ្ញវត្ថុ សាកលវិទ្យាល័យ គ្រឹះស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាល ព្រមទាំងដៃគូអភិវឌ្ឍន៍។

យុទ្ធសាស្ត្រដែលបានស្នើឡើងនេះ មានគោលបំណងប្រែក្លាយវិស័យកសិកម្មខេត្តកំពង់ធំ ទៅជាវិស័យកសិ-ពាណិជ្ជកម្មទំនើប តាមរយៈការលើកកម្ពស់ផលិតភាព ប្រាក់ចំណេញ ភាពធន់ និងចីរភាព ព្រមទាំងបង្កើនតម្លៃបន្ថែម និងរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

នៅក្រៅវេទិកានៃសិក្ខាសាលានេះ លោក ស៊ុយ កុកធាន ក៏បានជួបពិភាក្សាជាមួយលោកសាស្ត្រាចារ្យបណ្ឌិត Matthew McCartney ដែលជាអ្នកសេដ្ឋកិច្ច និងជាអ្នកស្រាវជ្រាវនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) អំពីការអភិវឌ្ឍ និងទស្សនវិស័យទៅអនាគតនៃវិស័យស្វាយចន្ទីនៅកម្ពុជា។

កិច្ចពិគ្រោះយោបល់នេះ ត្រូវបានរំពឹងថានឹងរួមចំណែកដល់ផែនទីបង្ហាញផ្លូវជាយុទ្ធសាស្ត្រ ក្នុងការពង្រឹងខ្សែច្រវាក់តម្លៃកសិកម្មរបស់ខេត្តកំពង់ធំ និងជំរុញការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព និងភាពប្រកួតប្រជែងរហូតដល់ឆ្នាំ២០៣០៕

 

ប្រភព៖ ខេត្តកំពង់ធំបើកកិច្ចពិគ្រោះយោបល់លើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មឆ្នាំ២០២៦-២០៣០ | CAC