ភ្នំពេញ កម្ពុជា ថ្ងៃទី៧ ខែសីហា — ប្រទេសអូស្ត្រាលី កំពុងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកឧស្សាហកម្មកែច្នៃស្វាយចន្ទីក្នុងស្រុករបស់កម្ពុជា ជាមួយនឹងដៃគូថ្មីមួយដែលផ្ដោតលើការបង្កើនផលិតកម្មបង្កើតតម្លៃបន្ថែម បង្កើតឱកាសការងារ និងការជួយឱ្យប្រទេសនេះរក្សាបាននូវតម្លៃសេដ្ឋកិច្ចកាន់តែច្រើនពីកសិផលសំខាន់បំផុតមួយរបស់ខ្លួន។
នៅក្នុងសារមួយដែលបានបង្ហោះលើបណ្តាញសង្គមកាលពីថ្ងៃសុក្រ ស្ថានទូតអូស្ត្រាលីប្រចាំនៅភ្នំពេញ បានឱ្យដឹងថា កម្ពុជាគឺជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅ ធំជាងគេទីពីរនៅលើពិភពលោក ប៉ុន្តែកែច្នៃក្នុងស្រុកបានត្រឹមតែប្រមាណ ៥% ប៉ុណ្ណោះនៃផលិតកម្មសរុប។
ស្ថានទូតបានប៉ាន់ប្រមាណថា ការកែច្នៃក្នុងស្រុកមានកម្រិត បានធ្វើឱ្យកម្ពុជាបាត់បង់ប្រាក់ចំណូលសក្តានុពលជាង ១២៥ លានដុល្លារអាមេរិកជាប្រចាំឆ្នាំ ខណៈដែលធ្វើឱ្យកសិករ និងអាជីវករប្រឈមមុខនឹងបម្រែបម្រួលប្រែប្រួលនៃតម្លៃគ្រាប់ស្វាយចន្ទី។
ដើម្បីដោះស្រាយគម្លាតនេះ ប្រទេសអូស្ត្រាលីកំពុងចាប់ដៃគូជាមួយក្រុមហ៊ុន Olam Food Ingredients (OFI) ដែលជាក្រុមហ៊ុនអាជីវកម្មកសិកម្មសកល មានចំណែកទីផ្សារប្រមាណ ២០-២៥% នៃទីផ្សារស្វាយចន្ទីសកល។ កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងពង្រីកសមត្ថភាពកែច្នៃរបស់កម្ពុជាឱ្យបាន ៨០ តោនក្នុងមួយថ្ងៃ និងកៀរគរទុនវិនិយោគរហូតដល់ ១០ លានដុល្លារអាមេរិក សម្រាប់វិស័យកែច្នៃស្វាយចន្ទីក្នុងស្រុក។
ស្ថានទូតបានគូសបញ្ជាក់ថា៖ «ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តក្នុងការទាក់ទាញការវិនិយោគប្រកបដោយគុណភាព ដែលបង្កើតការងារ និងគាំទ្រដល់អាជីវកម្មនានា ដោយជួយឱ្យកម្ពុជាមានសេដ្ឋកិច្ចរឹងមាំ»។
គំនិតផ្តួចផ្តើមនេះ កើតឡើងខណៈដែលកម្ពុជានៅតែបន្តនាំចេញគ្រាប់ស្វាយចន្ទីឆៅ ក្នុងបរិមាណយ៉ាងច្រើន ជាពិសេសទៅកាន់ប្រទេសវៀតណាមសម្រាប់ការកែច្នៃ។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា (សសក) កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ប្រមាណ ១,០៣ លានតោន ក្នុងអំឡុងឆមាសទី១ នៃឆ្នាំ២០២៦ ដោយប្រមូលបានប្រាក់ចំណូលពីការនាំចេញប្រមាណ ១,៧៥ ពាន់លាន ដុល្លារអាមេរិក ដែលជាការកើនឡើង ២៨,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទោះបីជាមានសមត្ថភាពនាំចេញយ៉ាងខ្លាំងក្លាយ៉ាងណាក៏ដោយ លោក អួន ស៊ីឡុត ប្រធាន សសក បានព្រមានថា របាំងគោលនយោបាយ និងការវិនិយោគ អាចធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍការកែច្នៃក្នុងស្រុក។
លោក អួន ស៊ីឡុត បានមានប្រសាសន៍ថា ការផ្អាកគម្រោងលើកទឹកចិត្តគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) សម្រាប់ក្រុមហ៊ុនដែលប្រតិបត្តិការនៅខាងក្រៅសួនឧស្សាហកម្មស្វាយចន្ទី (CIP) ដែលបានកំណត់ បានបង្កើតឱ្យមានភាពមិនច្បាស់លាស់សម្រាប់វិនិយោគិន។ លោកក៏បានព្រមានដែរថា វឌ្ឍនភាពក្នុងការបង្កើតសួនឧស្សាហកម្មទាំងនោះមានភាពយឺតយ៉ាវ ខណៈដែលការផ្អាក QIP នេះបានអូសបន្លាយជិត២ឆ្នាំមកហើយ។
លោក ស៊ីឡុត បានបន្ថែមថា បញ្ហាប្រឈមផ្នែកគោលនយោបាយទាំងនេះ បានធ្វើឱ្យមានការធ្លាក់ចុះយ៉ាងគំហុកនៃអត្រាកែច្នៃក្នុងស្រុករបស់កម្ពុជា ដែលបានធ្លាក់ចុះពីប្រមាណ ១២% ក្នុងឆ្នាំ២០២៣ មកត្រឹមតែ ២,៥% ប៉ុណ្ណោះក្នុងឆ្នាំ២០២៥។
តួអង្គពាក់ព័ន្ធក្នុងឧស្សាហកម្មនេះ បានលើកឡើងថា ការបង្កើនការកែច្នៃក្នុងស្រុក គឺជាចំណុចខ្វះមិនបាន ប្រសិនបើកម្ពុជាចង់ចាកផុតពីតួនាទីត្រឹមជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ ហើយឈានទៅចាប់យកចំណែកកាន់តែធំនៃតម្លៃដែលបង្កើតឡើងដោយឧស្សាហកម្មស្វាយចន្ទីសកល។
ដូច្នេះហើយ គំនិតផ្តួចផ្តើមដែលគាំទ្រដោយប្រទេសអូស្ត្រាលីនេះ ត្រូវបានរំពឹងថានឹងមិនត្រឹមតែផ្តល់នូវសមត្ថភាពកែច្នៃបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករ (កម្លាំងរញ៉ោច) សក្តានុពលសម្រាប់ការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា ការបង្កើតការងារ និងការបង្កើតតម្លៃបន្ថែមប្រកបដោយចីរភាពនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ស្វាយចន្ទីរបស់កម្ពុជា៕

