កម្ពុជា​នឹង​​​​​រៀបចំ​«សន្និសីទអន្តរជាតិ​ស្វាយចន្ទីកម្ពុជា»ដើម្បី​ទាក់​ទាញ​ឱ្យមាន​ការ​​វិនិយោគ​កាន់​តែ​ច្រើន

កម្ពុជា​នឹង​​​​​រៀបចំ​«សន្និសីទអន្តរជាតិ​ស្វាយចន្ទីកម្ពុជា»​ជាលើក​ដំបូង​នៅ​ចុង​ឆ្នាំ​២០២៦ ឬ​ដើម​ឆ្នាំ​២០២៧ ខាង​មុខ​ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពលនៃ​​ផលិតកម្ម​ស្វាយ​ចន្ទី​នៅ​កម្ពុជា ក៏​ដូចជា​បង្កើន​ភាព​ទាក់​ទាញ​ឱ្យ​មាន​ការ​វិនិយោគលើការកែច្នៃ​គ្រាប់ស្វាយចន្ទីក្នុងស្រុក និងការតភ្ជាប់កសិករជាមួយអ្នកទិញអន្តរជាតិ។

ប្រធាន​សមាគមស្វាយចន្ទី​កម្ពុជា (សសក) លោក អួន ស៊ីឡុត បាន​និយាយ​ថា សមាគមស្វាយចន្ទីកម្ពុជា គ្រោង​នឹង​រៀបចំវេទិការអន្តរជាតិស្វាយ​ចន្ទី​កម្ពុជា (CIF) ជាលើកដំបូង​របស់​ខ្លួន​​នៅអំឡុង​ខែវិច្ឆិកា ឆ្នាំ២០២៦ ឬនៅ​ដើម​ឆ្នាំ២០២៧ ដើម្បី​​បង្ហាញ​ពីសក្តានុពល​នៃ​ផលិតផល​ស្វាយចន្ទីកម្ពុជា ក៏​ដូចជា​ពង្រឹងឋានៈរបស់កម្ពុជានៅក្នុងទីផ្សារគ្រាប់ស្វាយចន្ទីពិភពលោក។ សន្និសីទនេះនឹងបម្រើជាវេទិកាដើម្បីតភ្ជាប់អ្នកទិញអន្តរជាតិធំៗ​ជាមួយផលិត​ករ និងអាជីវករក្នុងស្រុក ដោយជំរុញការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទី និងការផលិតបន្ថែមតម្លៃនៅក្នុងប្រទេសកម្ពុជា។

លោក​បន្ថែម​ថា ទោះបីកម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបាន​ប្រមាណ ១ លានតោនក្នុង ១​ឆ្នាំៗក៏ដោយ ប៉ុន្តែមូលដ្ឋានកែច្នៃក្នុងស្រុកនៅមានកម្រិតនៅឡើយ។ ចំនួនដ៏ច្រើននៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជាត្រូវបាននាំចេញជាលក្ខណៈគ្រាប់ឆៅទៅកាន់ប្រទេសជិតខាង ដើម្បី​យក​ទៅកែច្នៃ​បន្ត។ សន្និសីទនេះមានគោលបំណងទាក់ទាញវិនិយោគិនទាំងក្នុងស្រុក និងបរទេស ដើម្បី​អភិវឌ្ឍសមត្ថភាពកែច្នៃ ព្រមទាំងទាក់ទាញចំណាប់​អារម្មណ៍ពីស្ថាប័នជាតិ និងអន្តរជាតិដែលពាក់ព័ន្ធនឹងវិស័យកសិកម្មផងដែរ។

លោក ស៊ីឡុត អះអាង​ថា៖«សន្និសីទនេះ​គឺជាចំណុចរបត់ដ៏សំខាន់សម្រាប់ឧស្សាហកម្ម​ស្វាយចន្ទីកម្ពុជា។ វានឹងមិនត្រឹមតែជំរុញការវិនិយោគ និងការកែច្នៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បង្ហាញពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការក្លាយជាតួ​អង្គប្រកួតប្រជែងនៅក្នុងទីផ្សារស្វាយចន្ទីក្នុងតំបន់ និងពិភពលោកផងដែរ»

សសក បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ឧស្សាហកម្ម​ស្វាយចន្ទីកម្ពុជា​បាន​គ្របដណ្តប់​លើ​គ្រួសារ​កសិករ​ប្រហែល ២៥ ០០០ គ្រួសារ ដោយ​ផ្តល់ការងារពេញម៉ោងដល់កម្មករ ៣៨ ០០០ នាក់ និងជួលកម្លាំងពលកម្មតាមរដូវកាលចំនួន ១៥០ ០០០ នាក់បន្ថែមទៀតក្នុងអំឡុងពេលប្រមូលផល ដោយបង្កើតការងាររដូវកាល​សេដ្ឋកិច្ចជនបទចំនួន ១៧៥ លានដុល្លារ​ដល់​កម្លាំងពលករប្រមូលផល។

សសក បាន​បញ្ជាក់​ថា សន្និសីទអន្តរជាតិស្វាយចន្ទីកម្ពុជា នឹងបង្កើតឱកាសសម្រាប់កសិករ អាជីវករ និងសហគ្រិន ដើម្បីសហការគ្នាឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានតម្លៃកាន់តែខ្ពស់ពីវិស័យនេះ។ សន្និសីទ​ខាង​លើ​អាច​នឹង​មាន​អ្នក​ចូល​រួម​​ប្រមាណ ១៥០នាក់ មកពីក្រុមហ៊ុន អង្គការ និងវិនិយោគិន​មក​ពី​ប្រទេសវៀត ណាម ឥណ្ឌា ចិន ជប៉ុន និងកូរ៉េខាងត្បូង ចូលរួម។

អ្នកជំនាញបានប៉ាន់ប្រមាណថា ប្រសិនបើផលិតកម្មគ្រាប់ស្វាយចន្ទីឆៅទាំងអស់របស់កម្ពុជាត្រូវបានកែច្នៃក្នុងស្រុក វានឹងអាចបង្កើតការងារថ្មីបានរហូតដល់ ១០ ០០០ កន្លែង និងបង្កើនប្រាក់ចំណូលរបស់កសិករ និងកម្មករយ៉ាងច្រើននៅទូទាំងខ្សែច្រវាក់តម្លៃទាំងមូល៕

ប្រភព សមាគមស្វាយចន្ទីកម្ពុជាស្វែងរកការរៀបចំសន្និសីទអន្តរជាតិស្វាយចន្ទីកម្ពុជាលើកទី១ នៅឆ្នាំ២០២៦ | CAC